Cambodia Trending Close

កម្ពុជាស្នើជប៉ុន បន្តគាំទ្របន្ថែមអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ កសាងសមត្ថភាពផ្លូវដែក និងការដឹកជញ្ជូនតាមផ្លូវទឹក

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ សេដ្ឋកិច្ច
កម្ពុជាស្នើជប៉ុន បន្តគាំទ្របន្ថែមអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ កសាងសមត្ថភាពផ្លូវដែក និងការដឹកជញ្ជូនតាមផ្លូវទឹក កម្ពុជាស្នើជប៉ុន បន្តគាំទ្របន្ថែមអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ កសាងសមត្ថភាពផ្លូវដែក និងការដឹកជញ្ជូនតាមផ្លូវទឹក

ភ្នំពេញ៖ ភាគីកម្ពុជា បានស្នើដល់ភាគីជប៉ុន បន្តកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពលើការងារផ្លូវដែក ឡូជីនស្ទីក និងការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា។
ការស្នើសុំនេះធ្វើឡើងក្នុងសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម FURUKAWA Yasushi អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបនោះផងដែរ លោកជំទាវ កុយ សុដានី ក៏បានស្នើនូវគំនិតផ្តួចផ្តើមក្នុងការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសកម្ពុជា (MPWT) និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន (MនើLIT) ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃក្រសួងទាំងពីរ។

គួរបញ្ជាក់ថា លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន ក្រោមគម្រោងពង្រឹងសមត្ថភាពការសម្របសម្រួលសម្រាប់ការកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា (CLIP3) តាមការរៀបចំ និងសម្របសម្រួលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ បេសកកម្មនេះ មានគោលបំណងដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍-ឧត្តមានុវត្តពាក់ព័ន្ធនឹងការអភិវឌ្ឍ និងគ្រប់គ្រងវិស័យផ្លូវដែក និងវិស័យឡូជីស្ទីកនៅប្រទេសជប៉ុន។

ក្នុងឱកាសនៃការបំពេញបេសកកម្មនេះ លោកជំទាវប្រធានគណៈប្រតិភូក៏បានដឹកនាំគណៈប្រតិភូក្រសួងចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តម FURUKAWA Yasushi អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន (MLIT) រួមជាមួយនឹងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកការងារផ្លូវដែក ឡូជីស្ទីក និងគ្រប់គ្រងយានយន្តផងដែរ។
ក្នុងជំនួបនេះ លោកជំទាវប្រធានគណៈប្រតិភូ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះការបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនដល់កម្ពុជា ពិសេសការគាំទ្រដល់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ JICA លើការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុជាច្រើន ដែលក្នុងនោះរួមមានដូចជាការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ការអភិវឌ្ឍនិងកែលម្អពង្រឹងសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការរៀបចំផែការមេឡូជីស្ទីក និងកំពង់ផែ ជាដើម។

បន្ថែមពីលើនេះ លោកជំទាវប្រធានគណៈប្រតិភូ ក៏បានជម្រាបជូនឯកឧត្តមអនុរដ្ឋមន្ត្រីផងដែរពីគោលបំណងនៃការបំពេញបេសសកម្មក្រោមគម្រោង CLIP3 និងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ការដំឡើងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឈានដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ព្រមទាំងចក្ខុវិស័យ និងការងារអាទិភាពរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ក្នុងអាណត្តិថ្មីនេះផងដែរ។

ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការសម្រេចចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើជាដៃគូដ៏ល្អរបស់ប្រទេសជប៉ុន និងចំណាប់អារម្មណ៍ខ្ពស់របស់លោកជំទាវប្រធានគណៈប្រតិភូកម្ពុជា ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តមបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំ MoU សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ដោយឯកឧត្តមបានគូសបញ្ជាក់ថាភាគីជប៉ុននឹងចាត់ឱ្យក្រុមការងារបច្ចេកទេសរបស់ខ្លួនធ្វើការទំនាក់ទំនងជាមួយភាគីកម្ពុជា ដើម្បីពិភាក្សាលម្អិតលើការរៀបចំខ្លឹមសារ MoU នេះសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យផ្សេងៗរួមទាំង ការកសាងសមត្ថភាព និងការជួយអភិវឌ្ឍគោលនយោបាយផងដែរ ដើម្បីចូលរួមការអភិវឌ្ឍនៅកម្ពុជាបន្ថែមទៀត។
គណៈប្រតិភូកម្ពុជាក៏បានបន្តចូលរួមកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន លើការរៀបចំ និងអនុវត្តគោលនយោបាយផ្លូវដែក និងឡូជីស្ទីកនៅប្រទេសជប៉ុនផងដែរ៕

អត្ថបទទាក់ទង