
ទឹកដីខេត្តកំពង់ឆ្នាំង ធ្វើឲ្យសម្តេចតេជោ នឹកដល់ពេលវេលា៤០ឆ្នាំមុន ពេលបំពេញភារកិច្ច ក្នុងឋានៈជានាយករដ្ឋមន្រ្តី

កំពង់ឆ្នាំង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ខណៈអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានធ្វើឲ្យសម្តេច នឹកដល់ពេលវេលា៤០ឆ្នាំមុន ពេលបំពេញភារកិច្ច ក្នុងឋានៈជានាយករដ្ឋមន្រ្តី។
សម្តេចតេជោ បានបង្ហោះសារតាមរយៈបណ្តាញសង្គមដោយមានខ្លឹមសារថា “មកដល់ខេត្តកំពង់ឆ្នាំងនឹកដល់កាលពី៤០ឆ្នាំមុនដែលខ្ញុំមកបំពេញការងារ រយៈពេល២ថ្ងៃនិង១យប់នាខែធ្នូឆ្នាំ១៩៨៥។ ក្នុងឋានះជានាយករដ្ឋមន្ត្រីនាពេលនោះមកពិនិត្យការនេសាទ ពិនិត្យការទិញស្រូវនិងលក់ទំនិញជូនប្រជាជនព្រមទាំងសម្រេចផលិតចានត្រង់ជ័រកៅស៊ូចំនួន២លានចានដោយសិប្បកម្មផលិតឥដ្ឋក្បឿងដែលមានទីតាំងនៅស្រុកកំពង់លែង”។
សម្តេចតេជោ បានបន្ថែមថា ៤០ឆ្នាំក្រោយកំពង់ឆ្នាំងប្រែក្លាយជាខេត្តអភិវឌ្ឍមួយចំណែកខ្លួនខ្ញុំក៏មានវ័យចំណាស់ពី៣២ឆ្នាំមក៧២ឆ្នាំដែរ។ ជូនភ្ជាប់នូវរូបថតដែលមានអតីតអភិបាលខេត្តដោក ណារិនអមដំណើរ៕

