
បុរសម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីសម្លាប់ប្រពន្ធខ្លួនឯង នៅស្រះទឹកទួលប្រណាំងសេះ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ បានបង្ក្រាបករណីឃាតកម្មមួយ ដោយឃាត់ខ្លួនបុរសម្នាក់ ក្រោយមានការសង្ស័យថា បានសម្លាប់ប្រពន្ធរបស់ខ្លួន នៅចំណុចស្រះទឹកទួលប្រណាំងសេះ ស្ថិតនៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន។
ហេតុការណ៍នេះបានកើតឡើង ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ ខណៈដែលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី ១៩ ខែឧសភា វេលាម៉ោង ០៨ ព្រឹក។ ការចាប់ខ្លួននេះកើតឡើងដោយការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងសហការជាមួយអធិការដ្ឋាននគរបាលស្រុកបាកាន ក្នុងការសម្របសម្រួលនីតិវិធីជាមួយអយ្យការអមសាលាដំបូងខេត្ត។
ជនសង្ស័យមានឈ្មោះ ស សន ភេទប្រុស អាយុ ៦៧ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ ពេលបង្ក្រាប កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន៖
– ខ្សែក, ខ្សែដៃ, ក្រវិល, បន្តោង, ជញ្ចៀនលោហៈធាតុពណ៌លឿងចំនួនសរុប ២២ ដុំ (ទម្ងន់សរុប ៣២៣.៥០ ក្រាម)
– លុយសរុប ១,៨០០ ដុល្លារ និង ១,៤៦២,៦០០ រៀល
– ទូរស័ព្ទដៃចំនួន ០២គ្រឿង
– កាបូបដៃ, កាតធនាគារ ABA, ប័ណ្ណបើកបរ, អត្តសញ្ញាណប័ណ្ណ, កាតវ៉ាក់សាំង
– ម៉ូតូ Dream C ពណ៌ខ្មៅ សេរីឆ្នាំ ២០១៨ តែមសេរីឆ្នាំ ២០២២ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1I:4125
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធីតាមច្បាប់៕
