Cambodia Trending Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរមិនចរចាជាមួយថៃ ចំពោះបញ្ហាបិទបើកច្រកព្រំដែន

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 15:13 pm ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរមិនចរចាជាមួយថៃ ចំពោះបញ្ហាបិទបើកច្រកព្រំដែន សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរមិនចរចាជាមួយថៃ ចំពោះបញ្ហាបិទបើកច្រកព្រំដែន

សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ចំពោះសាធារណជនថា កម្ពុជាមិនមានផែនការចរចាជាមួយភាគីថៃឡើយ ពាក់ព័ន្ធនឹងបញ្ហាបិទបើកច្រកព្រំដែន។ ជំហរនេះត្រូវបានបង្ហាញឡើងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានប្រារព្ធនៅខេត្តសៀមរាប។

សម្ដេចធិបតី បានបញ្ជាក់ថា ភាគីថៃជាអ្នកបិទច្រកព្រំដែនមុនដោយឯកតោភាគី ដូច្នេះកម្ពុជាគ្រាន់តែធ្វើតាមក្រោយ។ សម្ដេចធិបតីបានថ្លែងថា«បើថៃបើកមុន កម្ពុជានឹងបើកតាមក្រោយក្នុងរយៈពេលយ៉ាងយូរ៥ម៉ោង»។ សម្ដេចបានបញ្ជាក់ថា កម្ពុជាមានសិទ្ធិពេញលេញក្នុងការបិទព្រំដែនជាអចិន្ត្រៃយ៍ ដូចជាថៃប៉ុន្តែមិនបានអនុវត្តន៍ជាបែបនោះឡើយ។ ជំនួសវិញ កម្ពុជាបង្ហាញស្មារតីល្អដោយចាំរងចាំការបើកពីភាគីថៃជាមុនសិន។

សម្ដេចថែមទាំងបញ្ជាក់ថា ការបើកឡើងវិញនូវច្រកព្រំដែនទៅប្រក្រតីភាព ដូចជាកាលពីមុន គឺជាការបង្ហាញឆន្ទៈនិងជំនឿទុកចិត្តរបស់ទាំងពីរភាគី។ ការចរចាមិនចាំបាច់នោះទេ បើថៃបើកដោយឯកតោភាគី ក៏កម្ពុជាអាចបើកវិញដូចគ្នាដែរ។ «កម្ពុជាក៏មិនចង់បិទដែរ ប៉ុន្តែពេលថៃបិទមិនបានពិគ្រោះយោបល់ជាមួយកម្ពុជាទេ។ អ៊ីចឹង បើកមិនបាច់ពិគ្រោះយោបល់ដែរ» សម្ដេចបានបញ្ជាក់។

គួរជម្រាបថា មុនពេលមានបញ្ហាព្រំដែន ច្រកព្រំដែនរវាងកម្ពុជា-ថៃ ត្រូវបានបើកចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់។ ប៉ុន្តែបច្ចុប្បន្ននេះ ភាគីថៃបើកចាប់ពីម៉ោង៨ព្រឹក ខណៈកម្ពុជាបើកម៉ោង៩ព្រឹក ហើយបិទដូចគ្នានៅម៉ោង៤រសៀល។ ការផ្លាស់ប្តូរនេះ ជាការឆ្លើយតបរបស់កម្ពុជានៅចំពោះការបិទដោយឯកតោភាគីពីភាគីថៃ៕

អត្ថបទទាក់ទង