
បង្រ្កាបយុវជនម្នាក់ ករណីលួចដែកនៅក្រុងតាខ្មៅ ដើម្បីយកទៅលក់យកលុយចាយ និងទិញថ្នាំញៀនជក់
ខេត្តកណ្ដាល ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន កាលពីវេលាម៉ោង ៣: ៣០ នាទីរំលងអាធ្រាត្រ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងករណីលួចដែក។ ការឃាត់ខ្លួននេះធ្វើឡើងនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ខណៈដែលជនសង្ស័យកំពុងលីឥវ៉ាន់ដែលបានលួចមក។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនរងគ្រោះក្នុងករណីនេះគឺលោក នូ ធារិទ្ធ អាយុ ៤៥ ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ប៊ន ប៊ុនណារ៉ាត់ អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់។ បន្ទាប់ពីធ្វើតេស្ត សមត្ថកិច្ចបានរកឃើញថា មានសារធាតុញៀនក្នុងទឹកនោម។ ខណៈបក្ខពួកម្នាក់ទៀតឈ្មោះ ឌី អាយុ ២៨ ឆ្នាំ ដែលជាអ្នកបបួល ធ្វើសកម្មភាពលួចដែក បានគេចខ្លួនរួចបាត់ទៅ។
អធិការបានបញ្ជាក់ថា វត្ថុតាងដែលចាប់យកបាន រួមមានដែកក្តារពុម្ព ៦ សន្លឹក ទំហំ ២០x២០ ស.ម ប្រវែង ៣.២០ ម៉ែត្រ និងដែកអន្ទារ ខូចខាតមួយចំនួន។
លោកអធិការបានបញ្ជាក់ពីអង្គហេតុថា កាលពីយប់ថ្ងៃ ទី០៦ កក្កដា ២០២៥ វេលាម៉ោងប្រហែល ២១និង ៣០នាទី ជនសង្ស័យឈ្មោះ ឌី បានបបួលជនសង្ស័យដែលឃាត់ខ្លួនបាន ទៅលួចឥវ៉ាន់នៅក្បែរផ្ទះគេដែលម្ចាស់មិននៅ។ លុះដល់ម៉ោង ២៤និង៣០នាទី ឈានចូលថ្ងៃទី០៧ ខែកក្កដា ២០២៥ រូបគេនិងឈ្មោះ ឌី បានចូលទៅលួចលីពុម្ពសសរចេញម្តង១ដើមៗ។
ពេលមក ដល់ចំណុចចាបយំ ភូមិអាចម៍កុក សង្កាត់កំពង់ សំណាញ់ ក៏បានជួបនឹងកម្លាំងមេភូមិនិងប្រជាការពារ។ ភ្លាមៗនោះ ឈ្មោះ ឌី បានគេចខ្លួនទៅ នៅសល់តែជន សង្ស័យដែលឃាត់ខ្លួនបាន។ បន្ទាប់មក កម្លាំងក៏នាំខ្លួនទៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ដើម្បីសាកសួរ និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចដែករបស់ជនរង គ្រោះខាងលើ ដើម្បីយកទៅលក់យកលុយចាយ និងទិញថ្នាំញៀនជក់ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕
