
កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ ផ្សព្វផ្សាយគោលដៅទេសចរណ៍ជាបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈយុទ្ធសាស្រ្តស៊ីជម្រៅស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី និងការជំរុញទាក់ទាញលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរឱ្យបានកាន់តែច្រើន នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបដ៍មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ប្រទេសទាំងពីរមានទស្សនៈរួមគ្នាលើសារៈសំខាន់នៃវិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ចជាតិ ការបង្កើតចំណូលរបស់ប្រជាពលរដ្ឋ និងការភា្ជប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដោយហេតុថាប្រទេសទាំងពីរជាប្រទេសដែលមានប្រវតិ្តសាស្រ្ត វប្បធម៌ និងអរិយធម៌ដ៏យូរលង់ ប្រពៃណីទំនៀមទំលាប់ដ៏សំបូរបែប និងចំណាស់
ការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនម្ចាស់ស្រុក កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សក្តានុពលទេសចរណ៍វប្បធម៌ បេតិកភណ្ឌ អេកូទេសចរណ៍ និងធម្មជាតិជាច្រើន ពិសេសគឺសុទ្ធតែជាប្រទេសដែលមានបេតិភណ្ឌពិភពលោកដូចគ្នា ដោយប្រទេសកម្ពុជាត្រូវបានស្គាល់តាមរយៈប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ហើយប្រទេសអាស៊ែបៃហ្សង់តាមរយៈបេតិកភណ្ឌក្នងរដ្ឋធានីបាគូដែលមានប្រាសាទ Shirvanshah ជាមួយជញ្ជាំងក្រុង និងប៉ម Maiden ដែលត្រូវបានចាត់ទុកជាគុជនៃស្ថាបត្យកម្មរបស់ជាតិ។
