Cambodia Trending Close

រដ្ឋមន្ត្រី ថោ ជេដ្ឋា ចូលរួមកិច្ចប្រជុំលើកទី៧ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

ដោយ៖ គុជ ឥន្ទាវុធ ​​ | 18 ម៉ោងមុន សង្គម
រដ្ឋមន្ត្រី ថោ ជេដ្ឋា ចូលរួមកិច្ចប្រជុំលើកទី៧ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ រដ្ឋមន្ត្រី ថោ ជេដ្ឋា ចូលរួមកិច្ចប្រជុំលើកទី៧ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះនៅសាលប្រជុំនៃសាលាភូមិន្ទរដ្ឋបាល លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ(គ.វ.រ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជារដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័នទាំង៣១ តំណាងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស សរុបប្រមាណ ២០០រូប។

សូមជម្រាបថា កិច្ចប្រជុំលើកទី៧ របស់លេខាធិការដ្ឋាន គ.វ.រ. នាពេលនេះគឺដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន១០ ដែលរួមមាន៖ ទី១)ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទី២)ក្រសួងព័ត៌មាន ទី៣)ក្រសួងសុខាភិបាល ទី៤)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទី៥)ក្រសួងបរិស្ថាន ទី៦)ក្រសួងពាណិជ្ជកម្ម ទី៧) ក្រសួងអភិវឌ្ឍន៍ជនបទ ទី៨)ក្រសួងកិច្ចការនារី ទី៩)ក្រសួងរ៉ែ និងថាមពល និង ទី១០)អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការវិនិយោគកម្ពុជា និងអង្គភាពសវនកម្មផ្ទៃក្នុង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យទាំង១០ នេះ បានឆ្លងកាត់ការពិភាក្សាយ៉ាងហ្មត់ចត់ ការប្រមូលធាតុចូល និងមតិយោបល់ជាច្រើនលើក ទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតអន្តរក្រសួង ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យការរៀបចំមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មានភាពច្បាស់លាស់ មានសង្គតិភាព និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល «ពង្រឹង ជាជាងពង្រីក» និង«រៀបចំផ្ទះឱ្យរៀបរយ» ព្រមទាំងមានភាពប្រទាក់ក្រឡាគ្នាក្នុង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»៕

អត្ថបទទាក់ទង