
ខេត្តកំពង់ធំ ពង្រឹងគុណភាពផលិតផលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

កំពង់ធំ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លោក សេង អាន បានថ្លែងថា អាជ្ញាធរខេត្តកំពង់ធំ រួមនិងបងប្អូនអាជីវករ និងប្រតិបត្តិករទេសចរណ៍ បានសហការគ្នា ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ក៏ដូចជាថែរក្សាបិរស្ថាន អនាម័យ រក្សាតម្លៃផលិតផល សេវាកម្មឲ្យសមរម្យ ជាពិសេសទៀតគឺរក្សាសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
បើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា កាលពីថ្ងៃទី៦ មេសា នេះបានដកស្រង់ប្រសាសន៍របស់ លោក សេង អាន ថា ខេត្តកំពង់ធំសម្បូរទៅដោយប្រាសាទបុរាណជាច្រើននៅពាសពេញទូទាំងខេត្ត។ សម្បូរទៅដោយធនធានធម្មជាតិ និងតំបន់សក្ដានុពុលបម្រើឱ្យវិស័យទេសចរណ៍ដូចជាព្រៃភ្នំទីវាល ទន្លេស្ទឹង ដែលមានសោភ័ណ្ឌភាពដ៏ស្រស់ត្រកាល និងមានហេដ្ឋារចនាសម្ព័ន្ធវគ្រប់វិស័យក្នុងខេត្ត។
សក្ដានុពលទាំងនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍន៍ថែរក្សាការពារ និងចូលរួមចំណែកឆ្លើយតបទៅតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនាពេលបច្ចុប្បន្ននិងអនាគត។ វិស័យទេសចរណ៍ខេត្តកំពង់ធំមានរមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទគុកនគរស្ថិតនៅភូមិត្រដកពង ឃុំពង្រ ស្រុកទាំងគោក។
រមណីយដ្ឋានបេតិកភណ្ឌពិភពលោកតំបន់ប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់បំផុតសម្រាប់ខេត្តនិងជារមណីយដ្ឋានចុះក្នុងបញ្ជីសម្បត្តិប្រទេសកភណ្ឌពិភពលោកកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិភ្នំសន្ទុកស្ថិតនៅភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក។
រមណីយដ្ឋានធ្លស់តាព្រហ្មស្ថិតនៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ មានលក្ខណៈពិសេសដោយមានផ្ទៃដីធំទូលាយមានប្រាសាទបុរាណវត្តអារាមស្ទឹងទឹកផុសហូរប៉ប្រះថ្ម។ព្រៃឈើ ជាកន្លែងប្រភពទឹកដ៍សំខាន់សម្រាប់ស្ទឹងតាំងក្រសាំងហូរកាត់ស្រុកសន្ទុករហូតដល់បឹងទន្លេសាប ជាទីកន្លែងដែលភ្ញៀវទេសចរណ៍គ្រប់គ្នាជាពិសេសភ្ញៀវទេសចរណ៍ដែលស្រឡាញ់ធម្មជាតិ និងអេកូទេសចរចង់ទៅទស្សនា និងលេងកម្សាន្តជាមួយនឹងរមណីយដ្ឋាននេះដោយសារវាមានមានលក្ខណៈធម្មជាតិសុទ្ធសាធ និងមានទេសភាពស្រស់ត្រកាល។
ចំពោះទីប្រជុំជនក្រុងស្ទឹងសែនប្រមូលផ្ដុំដោយតំបន់ពាណិជ្ជកម្មសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ វត្តអារាមព្រះវិហារសាសនា សំណង់បុរាណសម័យអាណានិគមបារាំង សារមន្ទីរ រូបសំណាក់ប្រវត្តិសាស្ត្រ “ដំរីជាន់ខ្លា, លោកតាក្រហមក, លោកតាអាចារ្យលាក់ និងដាវដែកកំពង់ស្វាយ” ជាដើម។
សមាគមទេសចរណ៍ផាត់សណ្ដាយស្ថិតនៅក្នុងបឹងទន្លេសាប ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ស្ថុិតនៅភាគពាយព្យនៃទីរួមខេត្តកំពង់ធំ, រមណីយដ្ឋានទំនប់៦មករា ស្ថិតនៅឃុំទីពោរ ស្រុកសន្ទុក និងរមណីយដ្ឋានដែលមានសក្ដានុពលសំខាន់ៗមួយចំនួនទៀត។
លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ខេត្តកំពង់ធំបានរៀបចំកែលម្អសោភណ្ឌភាពក្រុងស្ទឹងសែន ដោយមានការតុបតែងភ្លឺពណ៌ក្នុងក្រុងតាមដងផ្លូវ និងដងស្ទឹងសែន មានដាំផ្កាតាមទ្រូងផ្លូវជាតិលេខ៦ ផ្សាររាត្រីលើឆ្នេខ្សាច់មាត់ស្ទឹង និងរៀបចំធ្វើសង្ក្រាន្តកំពង់ធំក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
ដោយមានការយកចិត្តទុកដាក់រៀបចំកម្មវិធីជាច្រើនសម្រាប់ភ្ញៀវទេសចរណ៍មកលេងកម្សាន្តសង្ក្រាន្តកំពង់ធំ នៅតាមបណ្ដោយស្ទឹងសែនមានការដាក់ពង្រាយពីងទឹកពីច្រើនការដាក់តាំង និងតុបតែងតំណាងក្រុង ស្រុក។ មានការតាំងគោមផ្កាភ្ញី និងអំពូលភ្លើងចម្រុះពណ៌ ក្រមា មួកស្លឹកត្នោតផលិតផលក្នុងស្រុក ពស់យក្សតំណាងឱ្យឆ្នាំម្សាញ់ និងតំណាងឱ្យប្រវត្តិកំពង់ធំផងដែរ នេះជាការរំលេចចេញពីទឹកចិត្ត និងការយកចិត្តទុកដាក់គិតគូរខ្ពស់របស់ថ្នាក់ដឹកនាំបានធ្វើឱ្យខេត្តចំណាស់មួយនេះរំលេចចេញនៅសោភណ្ឌភាពយ៉ាងស្រស់ស្អាត បានធ្វើឱ្យប្រជាពលរដ្ឋខេត្តកំពង់ធំមានមោទនភាពជាខ្លាំងនិងលេចមុខមាត់ជាថ្មី៕