
កម្ពុជា-កាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើន កិច្ចសហ ប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានថ្លែងថា កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងប្តេជ្ញាបង្កើត កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរក្នុងឆ្នាំថ្មីនេះ។
ការថ្លែងបែបនេះរបស់លោករដ្ឋមន្រ្តីទេសចរណ៍ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងជំនួបពិភាក្សាការងារផ្លាស់ប្តូរបទពិសោធ ជាមួយលោក Yerkinbayev Yerzhan អនុរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតនាឆ្នាំ២០២៥នេះ។
តាមរយៈការចុះអនុស្សារណៈស្តីពីការយោគយល់គ្នា លើវិស័យទេសចរណ៍នាពេលដ៏ឆាប់ខាងមុខ ដោយសារមើលឃើញនូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពដល់អ្នកទេសចរកាហ្សាក់ស្ថានកន្លងមក តាមរយៈកំណើនទេសចរកាហ្សាក់ស្ថានមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។
ការថតភាពយន្តទេសចរណ៍នៅកម្ពុជា ដោយជោគជ័យរបស់ផលិតកម្ម DAUBAY ជាពិសេសគឺប្រទេសកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថានមានចំណុចរួមគ្នាជាច្រើនដូចជាភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋទាំងពីរចំពោះភ្ញៀវ និងអ្នកវិនិយោគបរទេស ម្ហូបអាហារជាលក្ខណៈប្រពៃណីដ៏សំបូរបែប និងមានឱជារស វប្បធម៌ និងទំនៀមទំលាប់ដ៏យូរលង់ និងសំបូរបែប រួមទាំងទំនាក់ទំនងការទូតជាង៣០ឆ្នាំកន្លងមក ហើយអ្វីដែលប្រជាជននិងរដ្ឋាភិបាលកាហ្សាក់ស្ថាននៅតែចងចាំ និងមិនអាចបំភ្លេចបាន គឺដំណើរទស្សនកិច្ចរបស់សមេ្តចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាអំឡុងឆ្នាំ១៩៨២។ លោកអនុរដ្ឋមន្រី្ត បានធ្វើដំណើរពីរដ្ឋធានី Astana មកដល់ទីក្រុង Almaty តាំងពីព្រឹកព្រលឹម រង់ចាំទទួលស្វាគមន៏ដំណើរទស្សនកិច្ចការងាររបស់ លោករដ្ឋមន្រ្តី និងបានឆ្លៀតពេលវេលាចំអិនម្ហូបជាច្រើនមុខត្រៀមទទួលឯកឧត្តមរដ្ឋមន្រ្តីដោយផ្ទាល់ដៃ តាមទំនៀមទំលាប់ប្រពៃណីបដិសណ្ឋារកិច្ចភ្ញៀវរបស់ប្រជាជនកាហ្សាក់ស្ថានពីដើមរៀងមក៕

