Cambodia Trending Close

សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង ៣ពាន់ករណី និងដកហូតសារធាតុញៀនជាង ១ តោនក្នុងរយៈពេលជិត ៤ខែ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ បច្ចេកវិទ្យា សង្គម
សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង ៣ពាន់ករណី និងដកហូតសារធាតុញៀនជាង ១ តោនក្នុងរយៈពេលជិត ៤ខែ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង ៣ពាន់ករណី និងដកហូតសារធាតុញៀនជាង ១ តោនក្នុងរយៈពេលជិត ៤ខែ

ភ្នំពេញ៖ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសអំពីលទ្ធផលនៃការប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេសក្នុងរយៈពេលជិត ៤ ខែ ចាប់ពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ ដែលបានចុះបង្ក្រាបចំនួនសរុប ៣,១២២ ករណី និងឃាត់ខ្លួនអ្នកសង្ស័យចំនួន ៨,១៧១ នាក់ ក្នុងនោះមានស្ត្រី ៦៧៤ នាក់ និងជនបរទេស ១៩២ នាក់ ពាក់ព័ន្ធជាមួយអំពើឧក្រិដ្ឋកម្មគ្រឿងញៀន។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីទាំងនេះរួមមាន៖ ករណីជួញដូរ ៤៣៨ ករណី (ឃាត់ខ្លួន ១,១៦៨ នាក់) , ករណីដឹកជញ្ជូន និងរក្សាទុក ១,៤៨២ ករណី (ឃាត់ ២,៧៥៨ នាក់) , ករណីផលិតកែច្នៃ ៤ ករណី , ករណីដាំដុះ ៥ ករណី , ករណីចាត់ចែងសម្រួល ៨ ករណី , ករណីបើកបរក្រោមឥទ្ធិពគ្រឿងញៀន ១៣ ករណី (ឃាត់ ២២ នាក់) , និង ករណីប្រើប្រាស់ ១,១៧២ ករណី (ឃាត់ ៤,១៨៦ នាក់) ។

អាជ្ញាធរបានអនុវត្តដីកាចំនួន ២២៣ ដីកា ឃាត់ខ្លួន ១៨៧ នាក់ និងបានដកហូតវត្ថុតាងសំខាន់ៗ រួមមាន៖ សារធាតុញៀនគ្រប់ប្រភេទចំនួនជាង ១ តោន និងជាង ៦៤០ គីឡូក្រាម , កញ្ឆាស្ងួតជាង ១៤៨ គីឡូក្រាម , កញ្ឆាស្រស់ចំនួន ១២,០៤៩ ដើម , សារធាតុគីមីផ្សំនានាជាង ៥៣៤ គីឡូក្រាម , រថយន្ត ៦៨ គ្រឿង ,ម៉ូតូ ៨៣៦ គ្រឿង ,ទូរស័ព្ទចល័ត ២,៨៩៥ គ្រឿង , ជញ្ជីង ២៨៧ គ្រឿង និង អាវុធខ្លី ២២ ដើម និងអាវុធវែង ១១ ដើម ។

សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមជាមួយនគរបាលក្នុងការផ្តល់ព័ត៌មានអំពីសកម្មភាពលួចលាក់ប្រព្រឹត្តអំពើឧក្រិដ្ឋកម្មគ្រឿងញៀន ឬកន្លែងផលិត ផ្ទុក និងចែកចាយតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ចំនួន ៥ ខ្សែ៖
– 670 (Cellcard) – ឥតគិតថ្លៃ
– 093 456 888 (Smart)
– 011 248 888 (Cellcard)
– 015 222 226 (Smart)
– 066 661 661 (Metfone)

សមត្ថកិច្ចសន្យាលាក់ឈ្មោះអ្នកផ្តល់ព័ត៌មាន និងអំពាវនាវឲ្យយុវជនយុវតីគ្រប់រូបជៀសវាងការប្រើប្រាស់គ្រឿងញៀន ដែលអាចបំផ្លាញអនាគតផ្ទាល់ខ្លួន និងគ្រួសារបានយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទទាក់ទង