Cambodia Trending Close

អគ្គិសនីកម្ពុជាគ្រោងចំណាយថវិកា ៣លានដុល្លារ រៀបចំបណ្តាញអគ្គិសនីក្រោមបាទសមុទ្រពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ម្សិលមិញ ម៉ោង 12:29 pm ព័ត៌មានជាតិ
អគ្គិសនីកម្ពុជាគ្រោងចំណាយថវិកា ៣លានដុល្លារ រៀបចំបណ្តាញអគ្គិសនីក្រោមបាទសមុទ្រពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម អគ្គិសនីកម្ពុជាគ្រោងចំណាយថវិកា ៣លានដុល្លារ រៀបចំបណ្តាញអគ្គិសនីក្រោមបាទសមុទ្រពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម

ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីវឌ្ឍនភាពនៃការតភ្ជាប់បណ្តាញអគ្គិសនីក្រោមបាតសមុទ្រ ទៅកាន់បណ្តាកោះមួយចំនួនធំក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងកោះកុង ជាពិសេសអគ្គិសនីកម្ពុជាកំពុងតែរៀបចំបណ្តាញអគ្គិសនីក្រោមបាតសមុទ្រពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម ដែលគ្រោងចំណាយថវិកាប្រមាណ៣លានដុល្លារ។

ការលើកឡើងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។

សម្តេចបវរធិបតី បានមានប្រសាសន៍ថា “អគ្គិសនីបានសាងសង់រួចបណ្តាញតង់ស្យុងអគ្គិសនីក្រោមទឹកក្រោមបាតសមុទ្រ រួចហើយនៅតាមបណ្តាកោះជាច្រើន ហើយអគ្គិសនីកម្ពុជា កំពុងរៀបចំសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុងមធ្យម ក្រោមបាតសមុទ្រពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម ដែលគម្រោងថវិកាចំណាយ ៣លានដុល្លារអាមេរិក គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥នេះ អីចឹងតាមបណ្តាកោះយើងបន្តភ្ជាប់ខ្សែបណ្តាញអគ្គិសនី”។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការតភ្ជាប់បណ្តាញអគ្គិសនីនេះ បានផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចប្រើប្រាស់អគ្គិសនីពីបណ្តាញជាតិ តម្លៃសមរម្យ។ កោះដែលអគ្គិសនីកម្ពុជាបានតភ្ជាប់រួចរាល់រួមមាន កោះរ៉ុង កោះស្រមោច កោះថ្មី កោះទទឹង កោះអំពិលតូច កោះអំពិលធំ កោះសាមិត កោះម្នាស់ កោះស្មាច់ និងកោះស្តេច ខណៈកោះពស់ នឹងត្រូវអូសកាត់តាមក្រោមស្ពាន។ កោះទាំងនេះមាននៅខេត្តព្រះសីហនុ និងខេត្តកោះកុង។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ការភ្ជាប់បណ្តាញអគ្គិសនីបណ្តាញជាតិ ទៅកាន់បណ្តាកោះនេះ មិនត្រឹមតែជួយសម្រួលការរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការវិនិយោគ និងទេសចរណ៍នៅតាមបណ្តាកោះផងដែរ។

តាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា គិតត្រឹមឆ្នាំ២០២៤ ប្រភពអគ្គិសនីដែលបានអភិវឌ្ឍបានកើនដល់ ៥,០៤៤មេហ្កាវ៉ាត់ និងបណ្ដាញបញ្ជូន ដែលបានអភិវឌ្ឍបានកើនដល់ ៣,៨៩០គីឡូម៉ែត្រ និងអនុស្ថានីយដែលបានអភិវឌ្ឍបានកើនដល់៧០កន្លែង។ ការផ្គត់ផ្គង់បណ្ដាញអគ្គិសនី បានគ្របដណ្ដប់លើរាជធានី-ខេត្តទាំង២៥រួចហើយ។
រីឯការអភិវឌ្ឍបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងទាបបានកើនដល់ ៩៩,២៥៧គីឡូម៉ែត្រ ដែលធ្វើឱ្យការគ្របដណ្ដប់នៃការផ្គត់ផ្គង់អគ្គិសនី ចេញពីប្រព័ន្ធបណ្ដាញជាតិកើនដល់ ៩៩.១៥ភាគរយនៃភូមិទូទាំងប្រទេស និងភ្ជាប់ចរន្តទៅប្រជាពលរដ្ឋរហូតដល់ ៩៥.២៤ភាគរយនៃមូលដ្ឋានទូទាំងប្រទេស៕

អត្ថបទទាក់ទង