
Sool Cool បង្កភាពរំភើបជាមួយវីដេអូ «បាខែង» បែប AI បង្ហាញសម្លៀកបំពាក់បុរាណយ៉ាងស្រស់ស្អាត នាសម័យព្រះបាទយសោវរ្ម័នទី១

កាលពីថ្មីៗកន្លងទៅ អ្នកដំឡើងឈុតបុរាណដ៏ល្បីឈ្មោះលោក Sool Cool បានបង្ហាញស្នាដៃថ្មីមានលក្ខណៈទ្រង់ទ្រាយធំ ដែលលោក និង ក្រុមការងារ បានធ្វើការដំឡើងឈុតសម្លៀកបំពាក់បុរាណខ្មែរនាសម័យបាខែង និង បានបញ្ចេញវីដេអូ Trailer ផលិតឡើងបែបបច្ចេកវិទ្យា AI ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។
ចំពោះវីដេអូទស្សនីយភាពឈ្មោះថា «បាខែង» នេះដែរ លោក Sool Cool ក៏បានប្រាប់ពីគោលបំណងឱ្យដឹងថា លោកចង់បង្ហាញពីឈុតសម្លៀកបំពាក់ខ្មែរយោងតាមរចនាបថនៅក្នុងសម័យកាលព្រះបាទយសោវរ្ម័នទី១ អំឡុងសតវត្សរ៍ទី ១០ ជាសម័យបាខែង ដែលលោក និង ក្រុមការងារបានកែច្នៃដំឡើងឈុតដោយផ្ទាល់ និង ថតសម្ដែងដោយតារាល្បីៗប៉ុន្មានរូប ព្រមទាំងផលិតជាវីដេអូឡើងវិញមានលក្ខណៈជា AI។
បន្ទាប់ពីបញ្ចេញ Trailer ផ្ទុះការចាប់អារម្មណ៍ខ្លាំង មកដល់ពេលនេះ លោក Sool Cool ក៏បានបញ្ចេញសាកល្បងនូវវីដេអូពេញ «បាខែង» ដែលកំពុងផ្ទុះការចាប់អារម្មណ៍ចែករំលែកពីមហាជនជាច្រើន ដោយសរសើរលើស្នាដៃផលិតវីដេអូបែបបច្ចេកវិទ្យា AI ដ៏ទាក់ទាញព្រឺរសម្បុរនេះ ជាពិសេសឈុតសម្លៀកបំពាក់ដ៏ស្អាតៗប្រណីតៗរបស់ខ្មែរនាសម័យនោះផងដែរ៕

