Cambodia Trending Close

លោក ហួត ហាក់៖ ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅប្រទេសកម្ពុជា

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ទេសចរណ៍ សង្គម
លោក ហួត ហាក់៖ ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅប្រទេសកម្ពុជា លោក ហួត ហាក់៖ ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅប្រទេសកម្ពុជា

កំពង់ស្ពឺ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញរូបភាពដ៏ទាក់ទាញប្រមាណ៥សន្លឹក នៃតំបន់ទេទឹកពុះ ដែលជាតំបន់ធម្មជាតិកម្រមួយរបស់ជាតិ ដែលអាចជាគោលដៅនូវរដូវការបៃតង (Green Seanson) នេះផងដេរ។
លោករដ្ឋមន្ត្រី បានចាត់ទុកតំបន់ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្តៅពីធម្មជាតិ ស្ថិតក្នុងស្រុកឱរ៉ាល់ និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។

ទឹកពុះ នៅមណ្ឌលកម្សាន្ត “ទេទឹកពុះ” ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងតែល្បីល្បាញថា អាចព្យាបាលជំងឺសន្លាក់ឲ្យជាសះស្បើយបាន ប៉ុន្តែគ្មានការបញ្ជាក់ពីអ្នកជំនាញសុខាភិបាលនៅឡើយទេ។ ដើម្បីទៅដល់មណ្ឌលកម្សាន្តនេះ គេត្រូវធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ រហូតដល់ទីរួមខេត្តកំពង់ស្ពឺ ត្រង់ចំណុចផ្លូវបំបែកក្រុងច្បារមន ចន្លោះគីឡូម៉ែត្រលេខ៤៧ និង៤៨ ហើយបត់ស្តាំរួចបន្តដំណើរតាមផ្លូវជាតិលេខ៤៤។ គេអាចធ្វើដំណើរចេញពីទីរួមខេត្តកំពង់ស្ពឺ ទៅកាន់ស្រុកឱរ៉ាល់ ដែលមានចម្ងាយ៥០គីឡូម៉ែត្រ និងទៅដល់រង្វង់មូលផ្សារកន្ទួត ហើយបន្តដំណើរទៅខាងលិចរង្វង់មូលផ្សារកន្ទួតតាមផ្លូវលំចម្ងាយ២២គីឡូម៉ែត្រទៀត ដល់ភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់នឹងបានឃើញមណ្ឌលកម្សាន្ត”ទេទឹកពុះ” ដែលនៅខាងឆ្វេងដៃ ដែលគេដាក់រូបសំណាកយាយ”ទេ” ផងដែរ។
មណ្ឌលកម្សាន្ត”ទេទឹកពុះ” មិនត្រឹមតែជាកន្លែងលំហែកាយនោះទេ ទីនេះត្រូវគេល្បីល្បាញថា ជាកន្លែងអាចព្យាបាលជំងឺសន្លាក់ឲ្យជាសះស្បើយផងដែរ ដោយជារៀងរាល់ថ្ងៃគេសង្កេតឃើញបងប្អូនពលរដ្ឋ ដែលមកកម្សាន្តនៅតំបន់ទេទឹកពុះ នាំគ្នាចុះត្រាំជើងក្នុងប្រឡាយ ដែលធ្វើអំពីរនាបឫស្សីនៅខាងកើតទឹកពុះបង្ហូរចូលសម្រាប់ឲ្យចូលត្រាំជើង ដើម្បីព្យាបាលជំងឺសន្លាក់។

តំបន់ទេសចរណ៍ទេទឹកពុះ ជាតំបន់ទេសចរណ៍បុរាណវិទ្យា ភាគច្រើនមានជនជាតិដើមភាគតិចរស់នៅច្រើនជាងគេក្នុងខេត្តកំពង់ស្ពឺ សំខាន់កន្លែងនេះជាទីសក្ការៈបូជារបស់ជនជាតិខ្មែរសួយ ដែលមានរូបសំណាកលោកយាយទេទៀតផង៕

អត្ថបទទាក់ទង