
ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ១៥,០០០ គ្រាប់ ពីវៀតណាម ចូលភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត
ភ្នំពេញ ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការឃាត់រថយន្តមួយគ្រឿង បន្ទាប់ពីរកឃើញស៊ុតមាន់ចំនួន ៥០ ដុំ ស្មើនឹង ១៥,០០០ គ្រាប់ ដែលត្រូវបានដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។
ប្រតិបត្តិការនេះ បានអនុវត្តន៍ឡើងនៅវេលាម៉ោង ៦ និង ៥ នាទីល្ងាច ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥ តាមបណ្តោយផ្លូវលំ ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមអន្តរាគមន៍បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីបណ្តាញសម្ងាត់មួយ អំពីការដឹកជញ្ជូនស៊ុតមាន់ដោយខុសច្បាប់ បានធ្វើការតាមដាន និងឃាត់រថយន្តម៉ាក SSANGYONG ISTANA មួយគ្រឿង ដែលកំពុងបើកចូលទីក្រុងភ្នំពេញតាមផ្លូវលំ។
ក្រុមអន្តរាគមន៍ បានប្រើវិធីសាស្ត្រដេញស្ទាក់រហ័ស និងឃាត់បាននៅទីតាំងនោះតែម្តង ហើយបន្ទាប់ពីបានធ្វើការត្រួតពិនិត្យ ឃើញស៊ុតមាន់ចំនួន ៥០ ដុំ ស្មើនឹង ១៥,០០០ គ្រាប់។ ក្នុងនោះ ម្ចាស់រថយន្តបានសារភាពថា ស៊ុតមាន់ខាងលើបានដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដើម្បីនាំមកចែកចាយលក់នៅរាជធានីភ្នំពេញ។
បន្ទាប់ពីសាកសួរស្រេច ក្រុមអន្តរាគមន៍បានធ្វើការឃាត់ទាំងរថយន្ត និងវត្ថុតាង ហើយនាំយកទៅរក្សាទុកនៅចត្ដាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍នីតិវិធីតាមច្បាប់បន្តទៅ ៕

