
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រៀបចំផែនការរឹងមាំ ដើម្បីថែរក្សាសន្តិសុខក្នុងកម្មវិធី “ព្យុះហយាត្រាសាមគ្គីភាព”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងចាត់តាំងអនុវត្តផែនការសន្តិសុខ សម្រាប់ការធ្វើកម្មវិធី “ព្យុះហយាត្រាសាមគ្គីភាព (Solidarity March)” ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ខាងមុខ។ កិច្ចប្រជុំនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
កម្មវិធីនេះមានគោលបំណងបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃតាមវិធីសន្តិភាព។
ក្នុងកិច្ចប្រជុំ លោកស្នងការបានណែនាំឱ្យដឹកនាំបញ្ជាកម្លាំងនគរបាលឱ្យបានម៉ឺងម៉ាត់ និងប្រើវិធានការជំនាញគ្រប់វិស័យ ដើម្បីធានាសុវត្ថិភាពសាធារណៈ ការផ្តល់សេវាចរាចរណ៍ប្រកបដោយប្រសិទ្ធភាព ការបញ្ចៀសកកស្ទះ បទល្មើសលួច ឆក់ ក្តាប់សភាពការណ៍ទូទៅឱ្យបានច្បាស់លាស់ដើម្បីដោះស្រាយសភាពការណ៍ឱ្យទាន់ពេលវេលា និងចាត់តាំងកម្លាំងអនុវត្តការងារល្បាតត្រួតពិនិត្យនៅគ្រប់គោលដៅ និងតាមអង្កេតរាល់សកម្មភាពសង្ស័យណាមួយដើម្បីបង្ការទប់ស្កាត់និងចាត់វិធានការឱ្យមានប្រសិទ្ធភាព។
លោកស្នងការបានបញ្ជាក់ថា កម្មវិធី “ព្យុះហយាត្រាសាមគ្គីភាព” នេះ មានអត្ថន័យជ្រាលជ្រៅក្នុងការបង្ហាញពីឯកភាពជាតិ ការរួបរួមជាឯកតា និងការជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឧត្តមសេនីយ៍រង អនុប្រធានក្រុមជំនួយការ នាយការិយាល័យជំនាញចំនួន ៣៣ និងអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ដើម្បីសហការ ក្នុងការអនុវត្តផែនការជាក់លាក់សម្រាប់កម្មវិធីដ៏សំខាន់នេះ៕
