
ជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងវិវាទព្រំដែនជាមួយថៃ, សម្តេចធិបតី ប្រកាសថា កម្ពុជា នៅតែបន្តប្រើប្រាស់យន្តការទ្វេរភាគី លើកលែងតែ៤ចំណុចប៉ុណ្ណោះ ដែលយកទៅដោះស្រាយនៅ ICJ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាថ្មីម្តងទៀត បញ្ជាក់ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងវិវាទព្រំដែនរវាងកម្ពុជា-ថៃ ក្នុងការដោះស្រាយ និងវាស់វែងព្រំដែន គឺប្រកាន់ជំហរ រក្សាសន្តិភាព និងមិត្តភាព, បន្តសហការជាមួយថៃ ក្នុងការវាស់វែង នូវព្រំដែនដែលនៅសេសសល់ អនុលោមតាមកិច្ចព្រមព្រៀង និង Mou ឆ្នាំ២០០០ និងទី៣.កម្ពុជា សម្រេចយកតំបន់៤ (ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣) ទៅតុលាការយុត្តិធម៌អន្តរជាតិ ព្រោះកម្ពុជា យល់ថា ការព្យាយាមដោះស្រាយ តាមយន្តការទ្វេរភាគី មិនអាចធ្វើទៅរួចបានទេ ហើយអាចមានហានិភ័យ ក្នុងការប៉ះទង្គិចគ្នា សម្រាប់កូនចៅជំនាន់ក្រោយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ដូច្នេះ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរ ខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥ ស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សម្តេចធិបតី មានប្រសាសន៍ថា “ម្សិលមិញ សូម្បីប្រជាជន ក៏មានការវាយគ្នាដែរ, មិត្តបរទេសជាច្រើន បានសួរកម្ពុជា តើកម្ពុជា ដើរចេញពីយន្តការទ្វេរភាគីហើយឬនៅ? ពិតណាស់គឺនៅ ក្រៅពីតំបន់៤នោះ ព្រំដែនដែលនៅសេសសល់ នឹងត្រូវបន្តធ្វើឡើងតាមយន្តការទ្វេរភាគី ដើម្បីបញ្ចប់ហានិភ័យ នៃការប៉ះទង្គិចគ្នា ពោលគឺចៀសវាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ”។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ទៀតថា យ៉ាងណាមិញ កម្ពុជា ត្រូវការការពារខ្លួនផងដែរ ពីការឈ្លានពាន ដោយកម្លាំងប្រដាប់អាវុធ។ សម្តេចធិបតី បន្តថា ការដោះស្រាយ ត្រូវគោរពគ្នាទៅវិញទៅមក ផ្អែកទៅលើអ្វីដែលបានព្រមព្រៀងគ្នា មិនមែនធ្វើឡើងដោយឯកឯងនោះទេ។
សម្តេចបញ្ជាក់ពីមូលហេតុ ដែលកម្ពុជាយកចំណុច៤នេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ព្រោះជាក់ស្តែងដូចជាតំបន់ប្រាសាទតាមាន់ធំ យើងបានឯកភាពគ្នាថា ជាតំបន់មិនទាន់ដាច់ស្រេច ដែលសម្រេចឱ្យដាក់កងកម្លាំងប្រទេសទាំងពីរ នៅតំបន់នោះ, ប៉ុន្តែថ្មីៗនេះ មានការប្រកាសដោយឯកតោភាគី ពីមេដឹកនាំនយោបាយ និងយោធាថៃ ថាជាទឹកដីរបស់ខ្លួន ដូច្នេះមានតែទៅតុលាការតែម្តង ដើម្បីដាច់ស្រេច។ សម្តេចសង្ឃឹមថា នឹងមានការឯកភាពគ្នាមួយ ដើម្បីឈានទៅរកការដោះស្រាយ ដោយសន្តិវិធី៕
