
កម្លាំងសមត្ថកិច្ចបង្ក្រាបបណ្តាញឆបោកតាមអនឡាញ នៅព្រះសីហនុ ឃាត់ខ្លួនជនជាតិវៀតណាម ៤៣នាក់
ព្រះសីហនុ ៖ កម្លាំងនគរបាលផែនការងារអន្តោប្រវេសន៍ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើសកម្មភាពបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយចុះត្រួតពិនិត្យផ្ទះជួលចំនួន ២កន្លែង នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១០ និង១១ ខែកក្កដា ឆ្នាំ២០២៥ ហើយបានឃាត់ខ្លួនជនជាតិវៀតណាមសរុប ៤៣នាក់ ក្នុងនោះស្រី ១៤នាក់។
សមត្ថកិច្ចបានចុះពិនិត្យកន្លែងដែលស្ថិតនៅក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលខេត្តព្រះសីហនុ និងការសម្របសម្រួលពីព្រះរាជអាជ្ញារង។ ជនសង្ស័យទាំងនេះភាគច្រើនស្នាក់នៅក្នុងប្រទេសខុសច្បាប់ ហើយត្រូវបានគេសង្ស័យថាជាអ្នកចូលរួមក្នុងសកម្មភាពឆបោកតាមបច្ចេកវិទ្យា ដូចជា Telegram, Facebook និងវេបសាយក្លែងក្លាយផ្សេងៗ។
ក្នុងការបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ លិខិតឆ្លងដែន ១៣ក្បាល, កុំព្យូទ័រ ១៦គ្រឿង, ទូរស័ព្ទដៃ ១៦គ្រឿង និងម៉ូតូ ២គ្រឿង។ ក្នុងនោះសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនស្ត្រីវៀតណាម DOAN TRAN NGOC LINH និងបុរសវៀតណាម NGUYEN THE SU ជាប្រធានក្រុម ដើម្បីបន្តនីតិវិធីជាផ្លូវការ និងស្នើសុំកិច្ចសហការជាមួយអង្គភាពអន្តោប្រវេសន៍ ដើម្បីចាត់ចែងចំពោះជនបរទេសស្នាក់នៅខុសច្បាប់ចំនួន ៣៩នាក់។
ផ្ទះជួលទាំង ២ទីតាំងបានបិទបណ្តោះអាសន្ន ខណៈស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកំពុងបន្តស្រាវជ្រាវ និងបង្ក្រាបបទឧក្រិដ្ឋឆបោកតាមបច្ចេកវិទ្យាជាបន្តបន្ទាប់ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការជឿជាក់ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបើកយុទ្ធនាការបោសសម្អាតបទឧក្រិដ្ឋឆបោកតាមបច្ចេកវិទ្យាទូទាំងប្រទេស ហើយបញ្ជាក់ថា មន្ត្រីណាមិនអនុវត្តតាម បទបញ្ជានេះនឹងប្រឈមនឹងការទន្ទឹងទណ្ឌកម្ម រួមទាំងការបញ្ចប់មុខតំណែងផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
