
បណ្តេញជនជាតិថៃ៦នាក់ ទៅប្រទេសវិញ បន្ទាប់ពីលួចឆ្លងដែនចូលកម្ពុជាដើម្បីស្វែររកការងារធ្វើ ក្នុងស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ ពលរដ្ឋថៃ៦នាក់ ត្រូវបានសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនឃាត់ខ្លួន និងបណ្តេញទៅប្រទេសថៃវិញ ដោយសារអ្នកទាំងនោះរងទុក្ខ ព្រោះតែប្រទេសរបស់ខ្លួនបានបិទច្រកព្រំដែនជាមួយកម្ពុជា ធ្វេីឱ្យបាត់បង់ចំណូល ខ្វះការងារធ្វើ ទេីបបង្ខំចិត្តឆ្លងអូរព្រំដែន ដោយខុសច្បាប់ចូលមកកម្ពុជា។
ពលរដ្ឋថៃទាំង៦នាក់ ត្រូវបានកងកម្លាំងឈរជើងនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួនបាននៅវេលាម៉ោង៧៖០៥នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅយប់ថ្ងៃទី១៥ ខែកក្កដា ជនជាតិថៃ បានលួចឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជា ត្រូវកងកម្លាំងសឹករងម៉ាឡៃ សហកាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ៨១៥ បានធ្វើការឃាត់ខ្លួន ចំនួន០៦នាក់ (ស្រី) នៅចំនុចភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។
ក្រោយពីមានការឃាត់ខ្លួននៅជនជាតិថៃទាំង៦នាក់នេះ កងកម្លាំងនៅឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខាងលេី បានធ្វើការបណ្ដេញជនជាតិថៃទាំងនោះឱ្យវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។
សកម្មភាពនៃការលួចឆ្លងដែនរបស់ជនជាតិថៃ ចូលមកកម្ពុជានេះត្រូវបានមើលឃើញថា ពួកគេបានរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្រោយពេលដែលប្រទេសរបស់ខ្លួនបាន បិទច្រកព្រំដែនទាំងអស់ជាមួយនឹងកម្ពុជា ដែលធ្វើឱ្យប្រជាជនថៃ ប៉ះពាល់សេដ្ឋកិច្ចរស់នៅប្រចាំ គ្មានការងារធ្វេី ទើបបង្ខំចិត្តឱ្យពួកគេលួចឆ្លងដែនដោយប្រថុយប្រថានចូលមកកម្ពុជា ទោះបីជាយោធារបស់ប្រទេសខ្លួន មានការរិតបន្តឹងតាមព្រំដែនក៏ដោយ ក៏ពួកគេ នៅតែបន្តលួចឆ្លងដែនដើម្បីស្វែងរកការងារធ្វើ។ តែកងកម្លាំងដែលឈរជេីតាមបន្ទាត់ព្រំដែន ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការលួចឆ្លងដែនដោយខុសច្បាប់មកកម្ពុជា៕
