Cambodia Trending Close

ក្រោយជ័យជម្នះរបស់លោក ត្រាំ នាយករដ្ឋមន្រ្តីហុងគ្រី ទទូចឱ្យអឺរ៉ុបងាកពីសង្រ្គាមទៅរកសន្តិភាព នៅអ៊ុយក្រែន

ដោយ៖ vannkorn ​​ | ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ក្រោយជ័យជម្នះរបស់លោក ត្រាំ នាយករដ្ឋមន្រ្តីហុងគ្រី ទទូចឱ្យអឺរ៉ុបងាកពីសង្រ្គាមទៅរកសន្តិភាព នៅអ៊ុយក្រែន ក្រោយជ័យជម្នះរបស់លោក ត្រាំ នាយករដ្ឋមន្រ្តីហុងគ្រី ទទូចឱ្យអឺរ៉ុបងាកពីសង្រ្គាមទៅរកសន្តិភាព នៅអ៊ុយក្រែន

(ប៊ុយដាប៉ែស)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានទទូចឱ្យក្រុមប្រទេសអឺរ៉ុបដូចគ្នា ទទួលស្គាល់ថា ការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិកថ្មី នឹងផ្លាស់ប្តូរស្ថានការណ៍យ៉ាងខ្លាំង ពាក់ព័ន្ធនឹង​សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយយល់ព្រមងាកចេញពីសង្រ្គាម ដើម្បីឆ្ពោះទៅរកសន្តិភាពវិញ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងទៅកាន់ក្រុមមេដឹកនាំនៃបណ្តាប្រទេសសហភាពអឺរ៉ុប នៅឯទីក្រុង Budapest លោក Orban បានលើកឡើងថា ការវិលត្រឡប់​មកវិញសាជាថ្មីរបស់លោក ត្រាំ ដែលជាបុគ្គលស្អប់ខ្ពើមសង្រ្គាម នឹងបង្កើតស្ថានការណ៍ថ្មីមួយ សម្រាប់អឺរ៉ុប រួមទាំងភាពស្រពេចស្រពិល ​ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុងកៀវ។ លោកនាយករដ្ឋមន្រ្តីហុងគ្រី ដែលផ្ទុយពីមេដឹកនាំអឺរ៉ុបដទៃទៀត បាន​ព្យាយាមជំរុញឱ្យមានបទឈប់បាញ់ឆាប់រហ័ស សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ លោក Orban និយាយថា «ការឆ្លើយតបរបស់អឺរ៉ុប គួរតែច្បាស់ហើយ គឺចូរនាំគ្នាសម្របខ្លួនជាបន្ទាន់ ហើយផ្លាស់ប្តូរពីសង្រ្គាម ទៅរកសន្តិភាពវិញ»។

ថ្លែងនៅទីក្រុង Budapest កាលពីថ្ងៃព្រហស្បតិ៍ ក្រោយកិច្ចពិភាក្សាជាមួយក្រុមមេដឹកនាំអឺរ៉ុប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ការអំពាវនាវរកបទឈប់បាញ់ ដោយពុំមានការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ គឺជាទង្វើដ៏គ្រោះថ្នាក់ និងខ្វះការទទួលខុសត្រូវ។ ក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃសុក្រ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញារបស់ពួកគេ ដើម្បីផ្តល់ការគាំទ្រឥតងាករេ សម្រាប់ប្រទេសនិងប្រជាជនអ៊ុយក្រែន ដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៉ី។

គួរបញ្ជាក់ថា យ៉ាងណាមិញ សម្រាប់លោក Orban គឺលោកនាយករដ្ឋមន្រ្តីហុងគ្រី មើលឃើញថា ការរួបរួមជាធ្លុងមួយរបស់​អឺរ៉ុប ស្តីពីវិបត្តិសង្រ្គាមអ៊ុយក្រែន គឺហាក់កំពុងចាប់ផ្តើម បង្ហាញស្នាមប្រេះហើយ។ ទោះជាបែបនេះក្តី នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson បានអះអាងថា បើតាមការយល់ឃើញរបស់លោកផ្ទាល់ គឺវាមិនដូច្នោះឡើយ ដោយកម្រិតនៃការគាំទ្រ​សម្រាប់អ៊ុយក្រែន គ្មានការប្រែប្រួលនោះទេ៕

Fresh News