
តួសម្តែព្រះពុទ្ធឥណ្ឌា Gagan Malik និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមគ្នាផ្ញើសារជូនពិភពលោក ពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា

ភ្នំពេញ៖ក្នុងដំណើរកំសាន្តនៅប្រាសាទក្នុងរមណីដ្ឋានអង្គរ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ តារាបូលីវូតរបស់ឥណ្ឌា ជាតួអង្គសម្តែងជាព្រះពុទ្ធ លោក Gagan Malik និងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ញើសារជូនពិភពលោក ដើម្បីបង្ហាញអំពីភាពសម្បូរបែបនៃវិស័យទេសចរណ៍ និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សង្គមពិតជាក់ស្តែងនៅកម្ពុជា ជាពិសេសអំពីទេសចរដែលកំពុងមកទស្សនាកម្សាន្ត ប្រកបដោយសុខសុវត្ថិភាព។

បើតាមមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងដំណើរកំសាន្តជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក GAGAN Malik បានបង្ហាញភាពរីករាយ និងលើកឡើងពីសក្កានុពលទេសចរណ៍របស់កម្ពុជា ដោយបានចាត់ទុកខេត្តសៀមរាបថាជាគោលដៅទេសចរណ៍វប្បធម៌ សាសនា ដ៏សំខាន់ និងជាកន្លែងមានសុវត្ថិភាព ហើយប្រជាជនមានបដិសណ្ឋារកិច្ចល្អ។
លោក Gagan Malik មានវត្តមាននៅខេត្តសៀមរាប ក្នុងសិក្ខាសាលាស្តីពី ទេសចរណ៍វប្បធម៌សាសនា ដែលមានអ្នកចូលរួមប្រមាណ ៥០០អង្គ/នាក់ ក្នុងនោះក៏មានព្រះសង្ឃមកពីបណ្ដា ប្រទេសក្នុងតំបន់អាស៊ានផងដែរ។ លោក GAGAN Malik ដែលជាវាគ្មិន ក៏បានចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅកាន់ព្រះសង្ឃ និងប្រតិបត្តិករទេសចរណ៍ ក្នុងការរៀបចំតំបន់ និងវត្តអារាម អនាម័យ និងបរិស្ថាន ដើម្បីទាក់ទាញ ទេសចរសាសនា។
មន្រ្តីក្រសួងទេសចរណ៍បានសម្តែងដោយការជឿជាក់ថា វត្តមានរបស់តារាបូលីវូតរូបនេះ នៅលើទឹកដីខេត្តសៀមរាបនេះ ជាផ្នែកមួយសំខាន់ និងមានឥទ្ធិពលបំផុត សម្រាប់ជំរុញគោលដៅទេសចរណ៍ខេត្តសៀមរាប Gagan Malik ជាតារាដ៏ល្បី ពិសេសជាតួអង្គសម្ដែងព្រះពុទ្ធ ច្បាស់ណាស់មានអ្នកគាំទ្រពីបណ្ដាប្រទេសជាច្រើនស្គាល់ ហើយវត្តមាន នៅតំបន់ប្រាសាទខ្មែរ នឹងទាញអ្នកគាំទ្ររបស់លោកនៅក្នុង បណ្ដាញសង្គម ឱ្យស្គាល់តំបន់អង្គរកាន់តែច្បាស់បន្ថែម និងបញ្ជាក់ពីសុខសុវត្ថិភាព សម្រាប់ទេសចរគ្រប់រូប៕








