Cambodia Trending Close

បារាំង សន្យាផ្ដល់ឯកសារផ្សេងៗបើសិនជាមានការចាំបាច់ ដល់កម្ពុជា-ថៃ សម្រាប់ដំណើរការទៅកាន់ ICJ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ
បារាំង សន្យាផ្ដល់ឯកសារផ្សេងៗបើសិនជាមានការចាំបាច់ ដល់កម្ពុជា-ថៃ សម្រាប់ដំណើរការទៅកាន់ ICJ បារាំង សន្យាផ្ដល់ឯកសារផ្សេងៗបើសិនជាមានការចាំបាច់ ដល់កម្ពុជា-ថៃ សម្រាប់ដំណើរការទៅកាន់ ICJ

ភ្នំពេញ៖ លោក Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង សន្យានឹងជួយសម្របសម្រួលផ្ដល់ឯកសារផ្សេងៗ ដល់កម្ពុជា-ថៃសម្រាប់ដំណើរការទៅកាន់តុលាការយុតិ្តធម៌អន្តរជាតិ ICJ ក្រោយសំណុំរឿងព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញត្រឡប់ពីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅប្រទេសបារាំងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលលបន្ទុកកិច្ចការការបរទេស បានថ្លែងថា«ប្រធានាធិបតីបារាំងម៉ាក្រុងបានអះអាងថា បារាំងអាចជួយសម្រួល ជួយសម្របសម្រួល ជាអាទិ៍តាមរយៈការផ្ដល់ឯកសារ ឯកសារនេះ ឬឯកសារនោះ ដល់ភាគីទាំងពីរ ដល់ថៃផង ដល់កម្ពុជាផង បើសិនជាមានការចាំបាច់»។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានរម្លឹកខ្លឹមសារក្នុងជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយ ឯកឧត្តម Emmanuel Macron នៅទីក្រុងនីស ប្រទេសបារាំង ដោយសម្ដេចធិបតី បានលើកឡើង ទី១.កម្ពុជានៅតែបន្តរក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការជាមួយនឹងថៃ។ ទី២.កម្ពុជាច្បាស់ណាស់ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងបញ្ហានៅតំបន់មុំបី បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJហ្នឹងជាការពិតប្រកែកមិនបាន សម្រេចរួចហើយកំពុងតែដំណើរការ លោកបញ្ជាក់គោលដៅគឺរកឱ្យឃើញដោយសន្តិវីធី ឱ្យបានឆាប់ ឱ្យបានចប់ជាស្ថាពរដំណោះស្រាយបញ្ហាព្រំដែនឱ្យដាច់ស្រេចជាស្ថាពរ ហេតុអ្វី ? កម្ពុជាមិនចង់បន្សល់ទុកបញ្ហាច្រំដែលទាំងនេះ ឱ្យនៅបន្តវែងឆ្ងាយទៅមុខទៀតរហូតដល់អាចបង្កឱ្យកើតជាព្រឹត្តិការណ៍ផ្ទុះអាវុធជាថ្មី»។ ទី៣. ជំហររបស់កម្ពុជា ទន្ទឹមនេះនៅក្រៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនដែលនៅសេសសល់ដោយប្រើប្រាស់យន្តការដែលដែលមានស្រាប់ យន្តការគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃដដែល។ទី៤. គោលជំហររបស់កម្ពុជាគឺបន្តទំនាក់ទំនងកម្ពុជាថៃតាមរយៈគ្រប់យន្តការដែលមានស្រាប់ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជាថៃ៕

អត្ថបទទាក់ទង