
អធិការដ្ឋាននគរបាលតាមបណ្តាស្រុកក្នុងខេត្តសៀមរាប ចុះត្រួតពិនិត្យសន្តិសុខ ឧបករណ៍គ្រោះថ្នាក់ និងអប់រំច្បាប់ចរាចរណ៍

សៀមរាប៖ នៅយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ កម្លាំងនគរបាលពីស្រុកសូទ្រនិគម ស្រុកពួក និងស្រុកជីក្រែង បានចុះត្រួតពិនិត្យ និងបំពេញភារកិច្ចចម្រុះនៅក្នុងភូមិសាស្ត្រក្នុងស្រុកខ្លួន។ នេះបើយោងតាមការបង្ហោះដោយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
សកម្មភាពនេះធ្វើឡើងតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប។ កម្លាំងនគរបាលបានធ្វើការត្រួតពិនិត្យអាវុធ និងគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន និងជាតិស្រវឹងលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ។
ក្រៅពីនេះ ក៏មានការអប់រំ និងណែនាំអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយផ្តោតលើការប្រើប្រាស់ភ្លើងបំភ្លឺផ្លូវឲ្យត្រឹមត្រូវ ការពាក់មួកសុវត្ថិភាពសម្រាប់អ្នកបើកម៉ូតូ និងខ្សែក្រវាត់សុវត្ថិភាពសម្រាប់អ្នកបើកឡាន។
គួរជម្រាបថា សកម្មភាពទាំងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋស្តីពីច្បាប់សន្តិសុខ សុវត្ថិភាពសាធារណៈ និងបង្ការ គ្រប់បែបយ៉ាងចំពោះយុទ្ធនាការខុសច្បាប់៕

