Cambodia Trending Close

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាគណៈធិបតី ប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 14:19 pm សង្គម
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាគណៈធិបតី ប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាគណៈធិបតី ប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ចំនួន ៥៩ ៩៥៣បណ្ណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានថ្លែងថា ក្នុងស្មារតីបុរេសកម្មនេះ រដ្ឋបាលខេត្ត តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានបែងចែកក្រុមការងារវាស់វែងដីធ្លី ចំនួន ២១ក្រុម ស្មើនឹង ៥៣៥នាក់ ដើម្បីបន្តបេសកកម្មក្នុងកិច្ចការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ។
ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១ ១០០ ៩១០ក្បាលដី និងបានវាស់វែងក្បាលដីសរុបចំនួន ១ ០៨៨ ០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ ដីធ្លីដែលបានវាស់វែងមានលក្ខណៈជាប្រព័ន្ធចប់រួចរាល់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃនេះ ធ្វើពិធីប្រកាសខេត្តកំពង់ស្ពឺបញ្ចប់ការវាស់វែងដីធ្លី ព្រមទាំងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩ ៩៥៣បណ្ណ ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំតម្រង់ទិសរបស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងឈានដល់ការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាក់ស្តែងការប្រកាសបញ្ចប់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ នាពេលនេះ។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់នៃក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ ក៏ដូចជារដ្ឋបាលខេត្តក្រុងស្រុកនៃខេត្តកំពង់ស្ពឺ ដែលបានចូលរួមសហការអនុវត្តការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា សមិទ្ធផលជាក់ស្តែងនាថ្ងៃនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់វិវាទដីធ្លីជូនប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង