
១ករណីទៀតហើយ ក្រសួងបរិស្ថានរកឃើញករណីល្មើសច្បាប់របស់ក្រុមហ៊ុនព្រីន៤ នៅក្នុងខេត្តកណ្តាល
ភ្នំពេញ៖ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ លោក កែ វង្សវឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដោយមានការចូលរួមពី តំណាងរដ្ឋបាលក្រុងសំពៅពូន អធិការដ្ឋាននគរបាលក្រុងសំពៅពូន អាជ្ញាធរសង្កាត់សំពៅពូន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៥ បានចុះត្រួតពិនិត្យ លើអគារពាណិជ្ជកម្មរបស់ក្រុមហ៊ុនព្រីន៤ រកឃើញមានការបញ្ចេញសំណល់រាវ ប៉ះពាល់ប្រភពទឹកសាធារណៈ (ព្រែកជីក៧២) ស្ថិតនៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។
ក្រុមហ៊ុនព្រីន៤នេះ បានបើកដំណើរការនៅដើមឆ្នាំ២០២៥ និងបានសាសង់អគារពាណិជ្ជកម្មចំនួន៦អគារ ដោយប្រើប្រាស់ទឹក ៧៥២ម៉ែត្រគូប/ថ្ងៃ ដែលទទួលបានពីប្រភពទឹកស្អាត ហើយរហូតដល់ពេលនេះ ក្រុមហ៊ុន មិនមានអាងប្រព្រឹត្តិកម្ម សម្រាប់សម្អាតសំណល់រាវ និងទឹកកខ្វក់ទេ។ ក្រុមការងារ បានរកឃើញថា ករណីបំពុលទឹកព្រែក៧២ គឺបង្កឡើងដោយក្រុមហ៊ុនព្រីន៤ ដែលបានបូមបង្ហូរទឹកកខ្វក់ ចូលព្រែក៧២ដោយផ្ទាល់។
ក្នុងពេលចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមិនទាន់ មានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់រឹង រាវ នោះទេ។ ក្រុមការងារបានពិនិត្យស្ថានភាពទឹកព្រែក៧២ ចាប់ពីខ្សែទឹកខាងលើ រហូតដល់ខ្សែទឹកខាងក្រោម និងបានយកសំណាកទឹកចំនួន ៥ទីតាំង។
សូមបញ្ជាក់ថា ទឹកព្រែក៧២ មានប្រភពពីទន្លេបាសាក់តាមរយៈប្រឡាយ០៣ នៅរដូវប្រាំង។ ចំណែកនៅរដូវវស្សាទឹកទន្លេបាសាក់ហូរដោយផ្ទាល់ចូលព្រែក៧២៕

