
កងការពារកោះពូលូវ៉ៃ និងកោះតាង ទទួលបានការពង្រឹងសមត្ថភាព ជាអ្នកស្ម័គ្រចិត្តដើររកសំបុកអណ្តើកតាមឆ្នេរ
ភ្នំពេញ៖ថ្មីៗនេះ អង្គការសត្វព្រៃនិងរុក្ខជាតិប្រចាំកម្ពុជា សហការជាមួយរដ្ឋបាលជលផលបានរៀបចំសិក្ខាសាលាស្តីពីការអប់រំផ្សព្វផ្សាយការអភិរក្សអណ្តើកសមុទ្រ និងពង្រឹងសមត្ថភាពអ្នកស្ម័គ្រចិត្តដើររកសំបុកអណ្តើកតាមឆ្នេរ ដល់កងការពារកោះពូលូវ៉ៃ និងកោះតាង។
បើតាមអង្គការសត្វព្រៃនិងរុក្ខជាតិប្រចាំកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះថា គោលបំណងសំខាន់នៃសកម្មភាពនេះ គឺដើម្បីបង្កើនការយល់ដឹង និងបច្ចេកទេសដល់អ្នកចូលរួមក្នុងការថែរក្សាការពារ និងអភិរក្សប្រភេទធនធានជលផលសមុទ្រដែលកំពុងរងគ្រោះថ្នាក់ ជាពិសេសអណ្តើកសមុទ្រកម្ពុជា។
ការបណ្តុះបណ្តាលបន្ថែមសម្រាប់អ្នកស្ម័គ្រចិត្តអំពីរបៀបកំណត់អត្តសញ្ញាណសំបុក និងបច្ចេកទេសការថែទាំសំបុក និងប្តុរសំបុក ប្រសិនបើពួកគេត្រូវបានរកឃើញ ព្រមទាំងបច្ចេកទេសស្តារនិតិសប្បទា និងការលែងចូលក្នុងធម្មជាតិ ប្រកបដោយសុវត្ថិភាព។ លើសពីនេះ យើងបានធ្វើការល្បាតជាលើកដំបូងនៅកោះព្រីងជា ដែលជាទីតាំងសំបុកអណ្តើកសមុទ្រត្រូវបានរកឃើញកាលពីឆ្នាំ ២០២៣។ ជាលទ្ធផល អ្នកចូលរួមទទួលបានចំណេះដឹងកាន់តែប្រសើរទាក់ទងនឹងការអភិរក្សនិងការពារអណ្តើកសមុទ្រ និងបង្ហាញពីការតាំងចិត្តក្នុងការចូលរួមការពារជីវចម្រុះដ៏មានតម្លៃរបស់យើងទាំងអស់គ្នា៕

