
ក្រសួងមហាផ្ទៃបណ្តេញជនជាតិវៀតណាមចំនួន ២៥នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធការបំពានច្បាប់
នៅថ្ងៃសុក្រទី ២៥ ខែមេសា ឆ្នាំ ២០២៥ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តការបណ្តេញជនជាតិវៀតណាមចំនួន ២៥នាក់ (ស្រី ៣នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ បាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង។
សកម្មភាពនេះអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយមានការណែនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។
ជនបរទេសខាងលើ ត្រូវបានបណ្តេញចេញពីប្រទេសក្រោយពេលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់រួមមាន៖
លួចស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់គ្មានលិខិតឆ្លងដែន ,អនុវត្តទោសចប់ពីបទលួច និងមានស្ថានទម្ងន់ទោស
បទកាន់កាប់ និងចាត់ចែងល្បែងស៊ីសងខុសច្បាប់, បទប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។
ការបណ្តេញនេះ ក៏ជាការរួមសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តកណ្តាល អគ្គស្នងការដ្ឋាននគរបាលជាតិ និងមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារផងដែរ៕

