
កម្ពុជាដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣៣ របស់អង្គការ PEMSEA នៅកូរ៉េ
(ប៊ូសាន, កូរ៉េ )៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាអង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថាននៅសមុទ្រអាស៊ីបូព៌ា (PEMSEA) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣៣ដែល កិច្ចប្រជុំនេះរៀបចំឡើងដោយអង្គការ PEMSEA និងមានការចូលរួមពីសហប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្តិ ភាគីពាក់ព័ន្ធ និងក្រុមលេខាធិការដ្ឋាន PEMSEA។
ក្នុងអំឡុងពេលកិច្ចប្រជុំ អង្គភាពពាក់ព័ន្ធបានពិនិត្យ និងពិភាក្សាលើចំណុចសំខាន់ៗ ដូចជា៖
– លទ្ធផល និងអនុសាសន៍នៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២៤ នៅទីក្រុងសាមិន ប្រទេសចិន
– ផែនការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់តំបន់សមុទ្រអាស៊ីបូព៌ា (SDS-SEA) សម្រាប់ឆ្នាំ២០២៣-២០២៧ និងគោលដៅឆ្នាំ២០២៣០
– វឌ្ឍនភាពនៃរបាយការណ៍សវនកម្មឆ្នាំ២០២៤ និងផែនការការងារសម្រាប់ឆ្នាំ២០២៥
– រៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សា PEMSEA លើកទី១៧ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៥
– ពិភាក្សាលើដំណើរការជ្រើសរើសសហប្រធានក្រុមប្រឹក្សា សហប្រធានក្រុមការងារបច្ចេកទេស និងសហប្រធានក្រុមការងារអន្តររដ្ឋាភិបាល រួមទាំងនាយកប្រតិបត្តិថ្មីសម្រាប់អាណត្តិបន្ទាប់របស់ PEMSEA។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះក៏ជាភស្តុតាងដ៏ច្បាស់លាស់នៃការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការជួយជំរុញអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃបរិស្ថានសមុទ្រក្នុងតំបន់អាស៊ីបូព៌ា៕

