
កម្ពុជា-វៀតណាម ជំរុញកំណើនទំហំពាណិជ្ជកម្ម២០ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៥-២០២៦
ភ្នំពេញ៖ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាការងារជាមួយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយនាថ្ងៃទី២៨ ខែមេសា ភាគីទាំងពីរកម្ពុជា-វៀតណាម បានឯកភាពជំរុញកំណើនទំហំពាណិជ្ជកម្មឲ្យសម្រេចបានចំនួន២០ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥-២០២៦។
ក្នុងជំនួបសម្តែងការគួរសមនេះ លោកស្រី រដ្ឋមន្រ្តីបានជម្រាបជូន ដោយសង្ខេបអំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចការងារនេះ ដោយបានគូសរំលេចពីកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដោយផ្តោតសំខាន់លើការបង្កើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ តាមរយៈការអនុវត្តឲ្យមានកាន់តែមានប្រសិទ្ធភាពនិងពេញលេញនូវយន្តការដែលមានស្រាប់ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងអាសិប ជាដើម ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម២០២៥-២០២៦ និងការពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីចូលរួមចំណែកឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លាអាម៉េរិក តាមការដាក់ចេញរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប លោកនាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍ និងសមិទ្ធផលដែលកម្ពុជាសម្រេចបានរួមទាំងកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយបានឯកភាពលើគំនិតផ្តួចផ្តើមរបស់លោកស្រីរដ្ឋមន្ត្រីក្នុងការបង្តើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងបានលើកទឹកចិត្តឲ្យក្រសួងទាំងពីរ និងស្ថាប័នពាក់ព័ន្ធបន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀតសំដៅជំរុញកំណើនពាណិជ្ជកម្មឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លាអាម៉េរិក ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

