Cambodia Trending Close

កម្ពុជា-កូរ៉េ ចុះ MoU រយៈពេល៥ឆ្នាំ លើការគ្រប់គ្រង​ធន ធានទឹក ការបន្សាំ​ទៅនឹងការ​ប្រែប្រួល​អាកាសធាតុ និងនិរន្តរភាពបរិស្ថាន

ដោយ៖ Kosal Sean ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជា-កូរ៉េ ចុះ MoU រយៈពេល៥ឆ្នាំ លើការគ្រប់គ្រង​ធន ធានទឹក ការបន្សាំ​ទៅនឹងការ​ប្រែប្រួល​អាកាសធាតុ និងនិរន្តរភាពបរិស្ថាន កម្ពុជា-កូរ៉េ ចុះ MoU រយៈពេល៥ឆ្នាំ លើការគ្រប់គ្រង​ធន ធានទឹក ការបន្សាំ​ទៅនឹងការ​ប្រែប្រួល​អាកាសធាតុ និងនិរន្តរភាពបរិស្ថាន

ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាន​ចុះហត្ថ​លេខា​លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិ​ការលើការ​គ្រប់គ្រងធន​ធាន​ទឹកជាមួយលោក Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ ដោយមាន​ការចូល​រួមពីគណៈប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៃប្រទេស​ទាំងពីរ​កម្ពុជា-កូរ៉េ ដែលធ្វើឡើងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ។

សូមជម្រាបថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង​ក្រសួងស្ថាប័ន​នៃប្រទេសទាំងពីរ​មានសុពលភាព៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើត​កិច្ចសហប្រតិបត្តិ​ការលើការគ្រប់គ្រងធនធានទឹក ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពបរិស្ថាន ដែលរួមចំណែកក្នុងការពង្រឹង​ប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាល​ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរបានផ្តោតលើក្របខ័ណ្ឌការងារមួយចំនួនដូចជា៖ ការគ្រប់គ្រងធនធានទឹកចម្រុះ ការពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានជាមុនសម្រាប់គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ការលើកកម្ពស់ស្ថាប័ន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបនិងបញ្ញាសិប្បនិម្មិត​(AI) ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងនិងអភិវឌ្ឍន៍អាងទឹក និងការពង្រឹងសមត្ថភាពមន្ត្រី។

សូមបញ្ជាក់ថា នាពេលកន្លងមក ក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ បានផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ដល់ក្រសួងធនធានទឹក និងឧតុនិយម​លើ​គម្រោងពង្រឹងសមត្ថភាពរបស់មន្ត្រីក្នុងការអង្កេតជលសាស្ត្រចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣។ បច្ចុប្បន្ននេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃ​ប្រទេសទាំងពីរ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងក្រោមហិរញ្ញប្បទានឥណទានពីធនាគារកូរ៉េ (Eximbank) ចំនួន​បីគឺ៖ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ខេត្តបាត់ដំបង គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ និងគម្រោងកាត់បន្ថយទឹកជំនន់និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របវេល ក្នុងខេត្តបាត់ដំបង៕

អត្ថបទទាក់ទង