
សឹងរងកំពង់ធំ និងកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទ រឹបអូសបាន អួនក្រឡាញឹក ២៥០ម៉ែត្រ អួនស្បៃមុង៣០០ ម៉ែត្រ និងឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀត

កំពង់ធំ៖ យ៉ាងហោចណាស់អួនក្រឡាញឹកខុសទំហំដែលច្បាប់បានកំណត់ចំនួនមួយរបាំង ប្រវែង២៥០ម៉ែត្រ អួនស្បៃមុងប្រវែង៣០០ម៉ែត្រ និងឧបករណ៍នេសាទខុសច្បាប់មួយចំនួនត្រូវបានរឹបអូសបំផ្លាញ់ចូល ដោយកម្លាំងប្រតិបត្តិការសឹងរងខេត្តកំពង់ធំ និងកម្លាំងចម្រុះ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ។
ប្រតិបត្តិការនេះដឹកនាំដោយ វរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ប្រចាំការនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង សហការនិងកងកម្លាំងចម្រុះ បានធ្វើសកម្មភាពបង្ក្រាបបទល្មើសជាក់ស្ដែងនៅតំបន់ ចាប់ពីជ្រោយវែងចំណុច ដល់ចុងព្រែកតាសោម ក្នងភូមិសាស្ត្របឹងទន្លេសាបឃុំផាត់សណ្តាយ។
ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបឧបករណ៍បទល្មើសនេសាទខុសច្បាប់ ដោយបានបំផ្លាញចោលអួនក្រឡាញឹក ខុសទំហំដែលច្បាប់បានកំណត់ចំនួនមួយរបាំង មានប្រវែង២៥០ ម៉ែត្រ ឡុកចំនួន ២ឡុក លបចំនួន២ មាត់ រុះរើ លបលូខុសទំហំក្រឡាកំណត់បាន ចំនួន ៦មាត់ បំផ្លាញអួនស្បៃមុងដែលច្បាប់បានហាមឃាត់ដាចខាតបាន ចំនួន ៣របាំង មានប្រវែង ៣០០ម៉ែត្រ និងឧបករណ៍ល្មើសនេសាទខុសច្បាប់មួយចំនួនទៀត។
បើតាមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានបញ្ជាក់ថា កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសកម្មភាពសហការជាមួយកងកម្លាំងចម្រុះ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ ដើម្បីការពារធនធានមច្ឆជាតិ សម្រាប់សង្គមជាតិយើងទាំងមូល និងបម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាជាង១៧លាននាក់ នៅពេលបច្ចុប្បន្ន និងទៅអនាគត ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះ កងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចលំបាកនឿយហត់ ក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដើម្បីផលប្រយោជន៍របស់សង្គមជាតិយើង និងប្រជាជនកម្ពុជាទាំងមូល។ ជាមួយនោះដែរឧត្តមសេនីយ៍ទោ ក៏បានដាក់បទបញ្ជាដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ ឲ្យដូចភ្លៀងរលឹមបន្តទៀត ដោយគ្មានការដកថយឡើយ ធ្វើយ៉ាងណាកុំឲ្យមានការកើតឡើងនូវបទល្មើសនេសាទខុសច្បាប់ដដែលៗនេះ កេីនឡេីងជាថ្មីទៀតបានឡើយ៕
