Cambodia Trending Close

នាយករដ្ឋមន្រ្តីកម្ពុជា-ម៉ាឡេស៊ី ពិភាក្សាគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជាថាមពល និង ហាឡាល់

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា-ម៉ាឡេស៊ី ពិភាក្សាគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជាថាមពល និង ហាឡាល់ នាយករដ្ឋមន្រ្តីកម្ពុជា-ម៉ាឡេស៊ី ពិភាក្សាគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជាថាមពល និង ហាឡាល់

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន វិស័យថាមពល និងហាឡាល់ ហើយនាយករដ្ឋមន្រ្តីទាំងពីរបានលេីកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា-ម៉ាឡេស៊ី បន្តពិភាក្សាគ្នា ឱ្យបានស៊ីជម្រៅបន្ថែមទៀត។
កិច្ចពិភាក្សាគ្នានេះបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម នាសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។
ជាមួយគ្នានោះដែរ សម្ដេចធិបតី បានអបអរសាទរ និងកោតសរសើរចំពោះការរៀបចំយ៉ាងល្អប្រសើរនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងបានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្ដេច និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។ សម្ដេចធិបតី បានសម្ដែងការគាំទ្រចំពោះការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម ក៏បានថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ៕

អត្ថបទទាក់ទង