
ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសំខាន់ៗរបស់ជប៉ុន ក្នុងកម្មវិធីផ្គូផ្គងវិនិយោគជាមួយសមាគមឧកញ៉ាកម្ពុជា

រាជធានីតូក្យូ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសំខាន់ៗរបស់ជប៉ុន ក្នុងកម្មវិធីផ្គូផ្គងវិនិយោគជាមួយសមាគមឧកញ៉ាកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកាលានុវត្តន៍ភាពក្នុងវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា ដែលកំពុងរង់ចាំវិនិយោគិនពីគ្រប់ទិសទី ជាពិសេសវិនិយោគិនជប៉ុន ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន ក៏ដូចជាមានប្រសិទ្ធភាពសម្រាប់លើកកម្ពស់ផលិតភាពក្នុងខ្សែច្រវាក់ផលិត ដោយធ្វើអានុភាវូបនីយកម្មគោលនយោបាយនានាពាក់ព័ន្ធនឹងវិនិយោគប្រកបដោយភាពអនុគ្រោះសម្រាប់ជំរុញការវិនិយោគឱ្យកាន់តែមានប្រសិទ្ធផលសេដ្ឋកិច្ចខ្ពស់។ ការតភ្ជាប់សមត្ថភាពផលិតក្នុងតំបន់ក៏ជាលទ្ធភាពចម្បងដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុនពិចារណា ពិនិត្យលទ្ធភាពក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកម្ពុជាផងដែរ ដើម្បីច្បាមយកផលប្រយោជន៍ពីយុទ្ធសាស្ត្រប្រទេសបូក ដូចជា ថៃបូកមួយ ចិនបូកមួយ វៀតណាមបូកមួយ ។ល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា លើសពីលទ្ធភាពនៃការតភ្ជាប់សមត្ថភាពផលិតនេះ វិនិយោគិនក៏អាចសម្លឹងមើលទីតាំងជាយុទ្ធសាស្ត្រដែលកម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំលើមូលដ្ឋានសំខាន់ទាំងបីគឺ៖ (១) ការតាំងទីនៅត្រង់ចំណុចកណ្តាលបេះដូងនៃតំបន់អាស៊ានដែលមានការអភិវឌ្ឍប្រកបដោយថាមវ័ន្ត, (២) ទីតាំងអំណោយផលក្នុងអភិក្រមអបធុរកិច្ចដែលរាជរដ្ឋាភិបាលបានកំណត់យកជាអភិក្រមធ្វើការរួមគ្នាជាមួយផ្នែកឯកជន សំដៅជំរុញក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចដើម្បីវិបុលភាពរួម ព្រមទាំងគោលនយោបាយវិនិយោគផ្តោតលើអភិក្រមផ្តល់កិច្ចសម្រួលវិនិយោគកាន់តែងាយស្រួល សាមញ្ញ ឆាប់រហ័ស, និង (៣) ការផ្តល់កញ្ចប់លើកទឹកចិត្តវិនិយោគប្រកបដោយភាពឆ្លាតវៃនិងមានភាពប្រកួតប្រជែងជាមួយនឹងឧត្តមភាពប្រៀបធៀបខ្ពស់នៅក្នុងតំបន់ ហើយថែមទាំងផ្តល់នូវសេវាថែទាំគាំទ្រវិនិយោគដ៏កក់ក្តៅជូនដល់វិនិយោគិនថែមទៀតផង៕

