
អភិបាលរងស្រុកជុំគីរី ត្រូវថ្នាក់លើស្នើទៅក្រសួង ដក់វិន័យ បន្ទាប់ពីរៀបការប្រពន្ធថ្មីខណៈមិនទាន់លែងលះដាច់ស្រាច់

ភ្នំពេញ៖ អភិបាលរងស្រុកជុំគិរីម្នាក់ ត្រូវបាន រដ្ឋបាលខេត្តកំពត នឹងស្នើទៅក្រសួងមហាផ្ទៃដាក់វិន័យលើអភិបាលរងស្រុកជុំគិរី ដែលទៅរៀបការប្រពន្ធថ្មី ខណៈមិនទាន់លែងលះដាច់ស្រាច់ ជាមួយគ្នានេះដែរអភិបាលរងរូបនេះ អាចនិងប្រឈមបទល្មើសឯកពន្ធភាពផងដែរ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២ ខែមិថុនា និងថ្ងៃបន្ទាប់ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ផ្សព្វផ្សាយថា អភិបាលរងស្រុកជុំគិរី លោក ហេង ងួនស៊្រុន បានលួចទៅរៀបការប្រពន្ធថ្មី ទាំងដែលមិនទាន់លែងលះជាមួយប្រពន្ធដើមដាច់ស្រេច ហើយគ្រួសារប្រពន្ធដើមតាមទាន់ឈ្លោះគ្នាផ្អើលឆោឡោពេញរោងការ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចេញនៅថ្ងៃទី០៣ ខែមិថុនា រដ្ឋបាលខេត្តកំពត ចាត់ទុក ថាអភិបាលរងស្រុកជុំគិរី ហេង ងួនស៊្រុន បានប្រព្រឹត្តអំពើធ្វើឲ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយសផ្ទាល់ខ្លួនផង និងអង្គភាពផង។ រដ្ឋបាលខេត្តកំពត អះអាងថា មិនគាំទ្រដាច់ខាតចំពោះករណីនេះ ដែលមានចែងក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។ រដ្ឋបាលខេត្តកំពត បន្តអះអាងថា នឹងលើកសំណើទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការវិន័យ ស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្ត៕

