
ប្រតិភូកម្ពុជា បានលទ្ធផលផ្លែផ្កា និងនាំយកកិត្តិយសជូនជាតិ ក្នុងការជំរុញសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោល អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្តិភាព នាយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញចូលរួម សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «ការអភិរក្សផ្ទាំងទឹកកក» (Glacier Preservation) នៅប្រទេសឌូស្ហាន់បេ ប្រទេសតាហ៊្សីគីស្ថាន ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
នៅឯព្រលានយន្តហោះ លោក អ៊ាង សុផល្លែត បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ លោកអញ្ជើញចូលរួមធ្វើសេចក្ដីថ្លែងការណ៍ តំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «ការអភិរក្សផ្ទាំងទឹកកក» ដោយបានគូសបញ្ជាក់ដូចខាងក្រោម៖
កម្ពុជាបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ ដោយបានកំណត់ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC) ក្នុងគោលដៅជាប្រទេសអព្យាក្រឹតភាពកាបូននៅឆ្នាំ 2050
ការរួមបញ្ចូលក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាននូវសកម្មភាពអាទិភាពក្នុងការកាត់បន្ថយនូវការបំភាយឧស្ម័នក្នុងវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់។
កម្ពុជាប្តេជ្ញាពង្រឹងតួនាទីរបស់ខ្លួនក្នុងការអភិរក្សផ្ទាំងទឹកកក ដោយអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុគាំទ្រគម្រោងអភិរក្សប្រកបដោយភាពច្នៃប្រឌិត និងការចែករំលែកបច្ចេកវិទ្យាក្នុងការត្រួតពិនិត្យផ្ទាំងទឹកកក និងប្រព័ន្ធព្រមានជាមុន
កម្ពុជាត្រៀមខ្លួនសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ លើកស្ទួយកិច្ចគាំពារបរិស្ថាន និងធានាអនាគតប្រកបដោយចីរភាព ដើម្បីការពារផ្ទាំងទឹកកករបស់ពិភពលោក និងតុល្យភាពនៃភពផែនដី។
ជាបន្តបន្ទាប់ នៅក្នុងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបានធ្វើសេចក្ដីថ្លែងការណ៍ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំតុមូលថ្នាក់ដឹកនាំ (Leaders’ Round table) សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី«ការអភិរក្សផ្ទាំងទឹកកក» ឆ្នាំនេះ ដោយផ្តោតលើការផ្ដល់ធាតុចូលពាក់ព័ន្ធការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅ មុនកិច្ចប្រជុំលើកទី ៣០ រដ្ឋភាគីអនុសញ្ញាអង្គកាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសជាតិ COP30 ដោយបានគូសបញ្ជាក់ដូចខាងក្រោម៖
កម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវការពិគ្រោះយោបល់ “ផែនទីផ្លូវបាគូទៅប៊ែលឹម (Roadmap Baku to Belem) ដល់ ១,៣ពាន់ពាន់លាន” ក្នុងគោលបំណងពង្រីកហិរញ្ញវត្ថុអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសតាមរយៈជំនួយឥតសំណង ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ការបំភាយឧស្ម័នទាប និងធន់នឹងអាកាសធាតុ
កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ លើកកម្ពស់កិច្ចគាំពារបរិស្ថាន និងធានាឱ្យបាននូវភាពជោគជ័យរបស់ COP30 សម្រាប់អនាគតប្រកបដោយចីរភាព។
ដោយឡែកក្នុងអំឡុងពេលស្នាក់នៅ និងបំពេញការងារនៅក្នុងអំឡុងពេលអញ្ជើញចូលរួមក្នុង សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី«ការអភិរក្សផ្ទាំងទឹកកក» ក្នុងប្រទេសតាហ៊្សីគីស្ថាន ឯកឧត្តម បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម FUJII Hisayuki អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន។ ភាគីទាំង២ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ កម្ពុជានិងជប៉ុន ជាពិសេសក្នុងវិស័យបរិស្ថាន ការផ្ទេរបច្ចេកវិទ្យា ក៏ដូចជាការគាំទ្រនៃគម្រោងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការគ្រប់គ្រងសំណល់រឹងនិងសំណល់ប្លាស្ទិក ព្រមទាំងការគ្រប់គ្រងការបំពុលបរិស្ថានផងដែរ។
លោករដ្ឋមន្ត្រី បានបង្ហាញថា លទ្ធផលនៃទស្សនកិច្ចរបស់ក្នុងនាមតំណាងសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅក្នុងសន្និសីទអន្តរជាតិកម្រិតខ្ពស់ ស្តីពី«ការអភិរក្សផ្ទាំងទឹកកក» ឆ្នាំ២០២៥ គឺបានសម្រេចបានជោគជ័យ ទទួលបានលទ្ធផលផ្លែផ្កា ដែលក្នុនោះក្រៅពីការបង្ហាញមហិច្ឆតារបស់កម្ពុជា ក្នុងការចូលរួមជំរុញឱ្យមានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្ពុជា បានអនុម័តសេចក្ដីថ្លែងការណ៍ផ្ទាំងទឹកកកឌូស្ហាន់បេ (The Dushanbe Glaciers Declaration) ជាមួយនឹងការអំពាវនាវ ដល់ការប្តេជ្ញាចិត្តដែលអាចអនុវត្តបាន គំនិតផ្តួចផ្តើមសហការនិងអនុសាសន៍ជាយុទ្ធសាស្រ្តនៅក្នុងសន្និសីទCOP30 នៅប្រទេសប្រេស៊ីលនាខែវិច្ឆិកាខាងមុខ ព្រមទាំងដើម្បីអនុវត្តសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី «ការអភិរក្សផ្ទាំងទឹកកកជាសកលឆ្នាំ២០២៥»។
សូមបញ្ជាក់ថា សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី«ការអភិរក្សផ្ទាំងទឹកកក»នេះ ត្រូវបានរៀបចំឡើងយោងតាមស្មារតី នៃសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាត អង្គការសហប្រជាជាតិ ស្តីពី «ការអភិរក្សផ្ទាំងទឹកកកជាសកលឆ្នា២០២៥» ដែលបានអនុម័តកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនការយល់ដឹង លើកស្ទួយ និងជួយសម្របសម្រួលសកម្មភាពនានា ព្រមទាំងវិធានការប្រកបដោយចីរភាព
ឆ្ពោះទៅរកការថែរក្សា ក៏ដូចជាការគ្រប់គ្រងផ្ទាំងទឹកកកនៅគ្រប់កម្រិត ដែលត្រូវការជាចាំបាច់នូវសកម្មភាព និងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតរបស់ប្រទេសនានាជុំវិញពិភពលោក។
សន្និសីទនេះ មានអ្នកចូលរួមដែលជាមេដឹកនាំរដ្ឋ និងប្រទេស រួមជាមួយប្រតិភូ មកពីជាង ៦០ប្រទេស ព្រមទាំងអង្គការអន្តរជាតិ ភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ប្រមាណជាង២០០០នាក់៕

