Cambodia Trending Close

ជំនន់ទឹកភ្លៀងពីតំបន់ព្រំដែន បណ្តាលឱ្យស្រូវកសិករខេត្តបន្ទាយមានជ័យជន់លិចជាង ៣០ ហិកតា

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 15:21 pm ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងពីតំបន់ព្រំដែន បណ្តាលឱ្យស្រូវកសិករខេត្តបន្ទាយមានជ័យជន់លិចជាង ៣០ ហិកតា ជំនន់ទឹកភ្លៀងពីតំបន់ព្រំដែន បណ្តាលឱ្យស្រូវកសិករខេត្តបន្ទាយមានជ័យជន់លិចជាង ៣០ ហិកតា

បន្ទាយមានជ័យ៖ នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥ មានការចង្អុលបង្ហាញថា ជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ដែលហូរចេញពីតំបន់ព្រំដែន បានបណ្តាលឱ្យមានការលិចលង់ដំណាំស្រូវរបស់ប្រជាកសិករ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាច្រើនហិកតារ ដោយមានការប៉ះពាល់ទៅលើឃុំចំនួន ៣។ នេះបើយោងតាមការតាមការចុះផ្សាយដោយផេកផ្លូវការរបស់ កោះសន្តិភាព ។
លោក គឹម នី មេឃុំគំរូ បានឲ្យដឹងថា ទឹកជំនន់ដែលធ្លាក់ចេញពីតំបន់ព្រំដែន ជាជំនន់ទឹកភ្លៀងធម្មជាតិ បានបណ្តាលឱ្យស្រូវកសិករជន់លិចចន្លោះរយៈពេល ៣ ទៅ ៤ ថ្ងៃមកហើយ។ ទឹកកំពុងស្រកជាបន្តបន្ទាប់ ប៉ុន្តែបើមានភ្លៀងបន្តទៀត អាចនាំឱ្យខូចខាតដ៏ធ្ងន់ធ្ងរចំពោះដំណាំកសិករទៀតផង។
បន្ថែមពីនេះ លោក នៃ ពៅ មេឃុំគោករមៀត បានប្រាប់ថា មានភូមិចំនួន ៣ ទៅ ៤ ក្នុងឃុំរបស់លោក ដែលដំណាំស្រូវកសិករត្រូវបានទឹកជន់លិចប្រមាណ ២០ ទៅ ៣០ ហិកតា ជារយៈពេល ២ ទៅ ៣ ថ្ងៃ។ ជំនន់នេះបណ្តាលមកពីភ្លៀងធ្លាក់ច្រើន និងទឹកហូរចេញពីព្រំដែន។ ទោះបីជាកំពុងមានភ្លៀងធ្លាក់រាល់ថ្ងៃក៏ដោយ បើទឹកមិនបន្តកើនអាចស្រកអស់ក្នុងរយៈពេល ៣ ថ្ងៃខាងមុខ។
ជាចុងក្រោយ លោក លីវ សុគុណ មេឃុំថ្មពួក បានបញ្ជាក់ថា ឃុំថ្មពួកទើបតែទទួលរងផលប៉ះពាល់តិចតួចប៉ុណ្ណោះ ព្រោះទឹកទើបហូរចុះពីឃុំខាងលើរួមមាន ឃុំគោករមៀត និងឃុំគំរូ។ បច្ចុប្បន្ន មន្ត្រីជំនាញកំពុងអនុវត្តវិធានការបើកប្រព័ន្ធលំនៅទឹក និងបញ្ចូនទឹកទៅផ្នែកខាងក្រោម ដើម្បីទប់ស្កាត់ការប៉ះពាល់ដល់ដំណាំកសិករបន្ថែម។
សូមជម្រាបថា ក្រុមការងាររដ្ឋបាលក្នុងតំបន់ និងមន្ត្រីជំនាញកំពុងត្រួតពិនិត្យ និងតាមដានស្ថានភាពជាបន្តបន្ទាប់ ដើម្បីប្រតិបត្តិការឆ្លើយតបជាសមស្របក្នុងករណីមានការកើនឡើងនៃជំនន់ទឹកនាពេលក្រោយ៕

អត្ថបទទាក់ទង