
ស៊ីន យូប៊ីន ស្លៀករ៉ូបបែបខ្មែរ តំណាងខេត្តក្រុង ២៥ ឡើងឆាកអន្តរជាតិ ឈ្នះពាន HOFS AWARDS ២០២៥
ភ្នំពេញ ៖ ជាថ្មីម្តងទៀត មហាជនបានផ្ទុះការសរសើរទៅកាន់តារាសម្តែង ស៊ីន យូ ប៊ីន បន្ទាប់ពីនាងបានច្នៃម៉ូតសម្លៀកបំពាក់បែបខ្មែរ បង្ហាញអត្តសញ្ញាណនៃខេត្តក្រុងទាំង ២៥ របស់កម្ពុជា ស្លៀកឡើងឆាកអន្តរជាតិ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ HOFS AWARDS ២០២៥ ដែលបានប្រារព្ធឡើងនៅប្រទេសសិង្ហបុរី កាលពីរាត្រីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥។
តាមការអះអាងពីស៊ីន យូប៊ីន រ៉ូបដែលនាងស្លៀកនេះ ជាការច្នៃប្រឌិតរួមគ្នានៅស្រុកខ្មែរ រវាងនាង និងអ្នកច្នៃម៉ូតដៃគូ ដើម្បីបង្ហាញអត្តសញ្ញាណជាតិកម្ពុជាឲ្យពិភពលោកបានឃើញ។ នៅផ្នែកខាងលើនៃរ៉ូបមានរូប ព្រះបរមរាជវាំង ដែលជាតំណាងទីក្រុងភ្នំពេញ ខណៈផ្នែកខាងក្រោមមានរូប លោកតាដំបងក្រាញ៉ូង តំណាងខេត្តបាត់ដំបង, រូបឆ្នាំង តំណាងខេត្តកំពង់ឆ្នាំង, ដើមត្នោតខ្មែរ, ដំរីជាន់ខ្លា តំណាងខេត្តកំពង់ធំ និងរូបសញ្ញាផ្សេងៗទៀត។
ជាពិសេសនោះ រ៉ូបនេះក៏បានរំលេចរូប ព្រាបសន្តិភាព និង ឆ្នេរសមុទ្រខ្សាច់ស្អាតនៃកោះរ៉ុង ដែលជាស្នាមសម្គាល់នៃធម្មជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា។
ក្រោយទទួលបានពាននេះ ស៊ីន យូប៊ីន បានបង្ហោះសារលើបណ្ដាញសង្គមថា៖
“៣ ឆ្នាំជាប់ៗគ្នាជាមួយពាន HOFSសូមអរគុណដល់មនុស្សទាំងអស់ដែលតែងតែស្ថិតនៅជាមួយខ្ញុំ និងសូមអបអរសាទរដល់ព្រះអង្គម្ចាស់ក្សត្រីយ៍”។
មហាជនជាច្រើន ជាពិសេសប្រិយមិត្តបានសម្តែងការមោទនភាពម្តងទៀត ចំពោះស៊ីន យូប៊ីន ដែលតែងតែយកវប្បធម៌ និងអត្តសញ្ញាណខ្មែរ ឡើងបង្ហាញជាញឹកញាប់នៅលើឆាកអន្តរជាតិ។ តារាស្រីរូបនេះ គឺជាតារាសម្តែងដែលមានប្រជាប្រិយភាពខ្លាំង និងមានវត្តមានសកម្មក្នុងកម្មវិធីសិល្បៈនានា ដូចជា មហោស្រពភាពយន្តកាន់ (Cannes Film Festival), កម្មវិធី Dior នៅទីក្រុងប៉ារីស, និងកម្មវិធីសំខាន់ៗជាច្រើនទៀត។
គួរបញ្ជាក់ថា HOFS AWARDS ជាវេទិកាផ្តល់កិត្តិយសដល់បុគ្គលឈានមុខគេ និងអាជីវកម្ម ដោយផ្អែកលើសមិទ្ធផល និងការលះបង់ មិនត្រឹមតែជាបុគ្គលល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកមានឥទ្ធិពលក្នុងការជម្រុញឧស្សាហកម្ម និងជាមានទេពកោសល្យពិតប្រាកដ។
សម្រាប់ឆ្នាំនេះ មិនមែនមានតែស៊ីន យូប៊ីន ទទួលបានពាន HOFS ទេទាំង ព្រះនាង ជេនណា និងតារាវ័យក្មេង ស៊ីន ជេននី ក៏ទទួលពានដូចគ្នាផងដែរ ៕

