
បញ្ជូនខ្លួនជនជាតិចិន ០៣នាក់ទៅតុលាការព្រះសីហនុ ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីលួចស្លាកលេខ និងកាន់កាប់អាវុធខុសច្បាប់

ព្រះសីហនុ៖ នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញជាសាធារណៈនូវជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់ បន្ទាប់ពីបានស៊ើបសួររឿងរួចរាល់តាមនីតិវិធី និងកំពុងត្រៀមបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ តាមបណ្ដឹងរបស់ជនរងគ្រោះចំនួន ០២នាក់ ដែលជាករណីលួចស្លាកលេខរថយន្តកើតឡើងនៅយប់ថ្ងៃទី ០១ និង ០៨ ខែមិថុនា ក្នុងតំបន់ភូមិ៣ សង្កាត់លេខ១ និងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យទាំងបីរួមមាន៖
១. ZHANG DING DING ហៅ MENG HU, កើតឆ្នាំ ១៩៨៦
២. WEI YONGCHANG កើតឆ្នាំ ១៩៨១
៣.WEI GUOQIANG កើតឆ្នាំ ១៩៨៥
(ទាំងបីជាជនជាតិចិន គ្មានលិខិតឆ្លងដែន និងស្នាក់នៅសណ្ឋាគារ “ហឺលិ”)
វត្ថុតាងដែលបានដកហូតរួមមាន៖
– រថយន្ត PRIUS ពណ៌ទឹកប្រាក់ ស្លាកលេខ 2B-3312
– អាវុធខ្លី ០១ដើម ម៉ាករ៉ូឡូ
– ស្លាកលេខរថយន្តចំនួន ០៤សន្លឹក
– កាំបិតស្នែតចំនួន ០២ដើម
– សម្ភារៈផ្សេងៗ
ក្នុងអំឡុងសាកសួរ ជនសង្ស័យបានសារភាពថា បានលួចស្លាកលេខរថយន្តចំនួន ៣លើក ហើយយកទៅលក់ឲ្យជនមួយឈ្មោះ A PING តាម Telegram ក្នុងតម្លៃស្លាកលេខមួយសន្លឹក $៤០០ ដុល្លារ។ ចំណែកអាវុធខ្លីគឺជាកម្មសិទ្ធិរបស់ WEI GUOQIANG ដែលបានទទួលពីជនឈ្មោះ A WANG ដែលបច្ចុប្បន្នកំពុងគេចខ្លួន។
សម្ភារៈដែលបានដកហូតត្រូវបានប្រគល់ជូនម្ចាស់វិញតាមនីតិវិធី។ ជនសង្ស័យទាំង ០៣នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមច្បាប់ជាបន្ត។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា បច្ចុប្បន្នកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្ពស់ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ដើម្បីធានាឲ្យប្រជាពលរដ្ឋរស់នៅក្នុងបរិយាកាសសុខសាន្ត និងទុកចិត្តលើនគរបាលជាតិ៕
