
ព្យុះទីហ្វុង Wipha វាយប្រហារខេត្ត Guangdong ប្រទេសចិន បណ្តាលឲ្យជម្លៀសប្រជាពលរដ្ឋជាង ២៧ម៉ឺននាក់
ចិន៖ នៅវេលាម៉ោងប្រមាណ ៥និង ៥០នាទីល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ (ពេលវេលាក្នុងតំបន់) ព្យុះទីហ្វុង Wipha បានវាយប្រហាខេត្ត Guangdong ដោយនាំមកជាមួយកម្លាំងខ្យល់ដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ខ្លាំង។ នេះជាព្យុះទី៦ ដែលបានវាយប្រហារចូលប្រទេសចិនក្នុងឆ្នាំ២០២៥នេះ ហើយរំពឹងថានឹងបន្តផ្លាស់ទៅទិសខាងលិច និងខាងនិរតីក្នុងល្បឿនចន្លោះពី ២០-២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
វីដេអូជាច្រើនដែលបានបង្ហោះលើបណ្ដាញសង្គម បង្ហាញពីសភាពពិតនៃព្យុះ ដែលបោកបក់ជាមួយភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យដើមឈើជាច្រើនបាក់រលំ។ ប្រជាជនត្រូវប្រឹងតោងគ្នាទប់ខ្យល់ខ្លាំង ខណៈខ្យល់បក់ប៉ើងវត្ថុផ្សេងៗដូចសំឡី។
មុនព្យុះវាយប្រហារ អាជ្ញាធរខេត្ត Guangdong បានចេញវិធានការបន្ទាន់ក្នុងកម្រិតទី៤ ចាប់ពីម៉ោង ៦ល្ងាច ថ្ងៃទី១៨ ខែកក្កដា ដោយដឹកនាំទូកនេសាទឡើងមកផែវិញ ជម្លៀសពលរដ្ឋចេញពីតំបន់មានគ្រោះថ្នាក់ និងបិទបណ្ដោះអាសន្នទីតាំងទេសចរណ៍ជាច្រើន។
តាមរបាយការណ៍ពីនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នខេត្ត Guangdong ចុះផ្សាយនៅម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែកក្កដា បានបញ្ជាក់ថា អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋសរុបជាង ២៧ម៉ឺននាក់ ទូកនេសាទជាង ៥០០គ្រឿងបានត្រឡប់មកផែវិញ ហើយទីតាំងទេសចរណ៍ចំនួន ៥២ កន្លែង ត្រូវបានផ្អាកបណ្ដោះអាសន្ន ដើម្បីការពារជីវិត និងសុវត្ថិភាពសាធារណៈ៕
ប្រភពពី៖ GN News, New China
