Cambodia Trending Close

នារីម្នាក់ បង្ហោះសារចែករំលែកបទពិសោធន៍ដែលបណ្ដាលឱ្យនាងកើតជំងឺដំបៅពោះវៀនធ្ងន់ធ្ងរ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ សង្គម សុខភាព
នារីម្នាក់ បង្ហោះសារចែករំលែកបទពិសោធន៍ដែលបណ្ដាលឱ្យនាងកើតជំងឺដំបៅពោះវៀនធ្ងន់ធ្ងរ នារីម្នាក់ បង្ហោះសារចែករំលែកបទពិសោធន៍ដែលបណ្ដាលឱ្យនាងកើតជំងឺដំបៅពោះវៀនធ្ងន់ធ្ងរ

នារីម្នាក់ បង្ហោះសារចែករំលែកបទពិសោធន៍ដែលបណ្ដាលឱ្យនាងកើតជំងឺដំបៅពោះវៀនធ្ងន់ធ្ងរ និងផ្ដាំដល់បងប្អូនទាំងអស់ កុំប្រើថ្នាំផ្ដេសផ្ដាស គួរពិគ្រោះជម្ងឺជាមួយគ្រូពេទ្យជាមុនសិន

នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Leng Sreypov កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហោះសារចែករំលែកបទពិសោធន៍ដែលបណ្ដាលឱ្យនាងកើតជំងឺដំបៅពោះវៀនធ្ងន់ធ្ងរ និងបានផ្ដាំដល់ពុកម៉ែបងប្អូនទាំងអស់ពេលមានជំងឺកម្រិតណាមួយ មិនគួរប្រើថ្នាំផ្ដេសផ្ដាស ត្រូវទៅជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យជាមុន ជៀសវាងស្ដាយក្រោយដូចនាង។

តាមរយៈសារបង្ហោះរបស់ Leng Sreypov បានឱ្យដឹងថា ជំហានដំបូងដែលធ្វើឱ្យអ្នកនាងមានជំងឺដំបៅក្រពះ គឺចេះតែអស់កម្លាំង ស្មុគស្មាញ ធុញថប់ ហើយរៀងរាល់យប់ចេះតែក្ដៅខ្លួន ចុកពោះឈឺបាត់ៗ អត់សូវឃ្លានអាហារ អំឡុងពេលនោះ អ្នកនាងគិតថាឈឺក្រពះព្រោះបាយមិនទៀតទាត់ ទើបលេបតែថ្នាំក្រពះហើយក៏ហីៗមិនបានចាប់អារម្មណ៍ច្រើន ។

ក្រោយពីពេលមានអាការៈបែបនេះ ជំហានបន្ទាប់អ្នកនាង Leng Sreypov មុខមាត់ចាប់ផ្ដើមស្លេកខ្លាំងម្ដងម្កាល ពេលធ្វើទុក្ខ អស់កម្លាំងជាប្រចាំ ឡើងគីឡូខុសប្រក្រតី អត់ឃ្លានបាយ បាត់បង់ចំណង់អាហារ រាគមួយអាទិត្យ៣ទៅ៤ដង ពណ៌ស្បែកចាប់ផ្ដើមប្ដូរទៅជាស្រអាប់ ក្ដៅខ្លួនជាប្រចាំ ចុកពោះស្ទើររាល់ថ្ងៃ ធុញថប់គ្រប់យ៉ាង ងងុយតែគេង ស្មុគស្មាញ ហើយពេលនិយាយឆាប់ហត់ ឈឺក្បាល ដែលនេះជាដំណាក់កាលមួយដែលបងប្អូនគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ឆែកសុខភាព កុំប្រើថ្នាំផ្ដេសផ្ដាស ហើយកុំទ្រាំដូចអ្នកនាង។ អ្នកនាងគូសបញ្ជាក់ថា ពេលនោះទ្រាំ គិតថាក្រពះធ្វើទុក ទើបលេបថ្នាំ ឬ អស់កម្លាំងខ្លាំងទៅដាក់សេរ៉ូម ត្រង់ចំណុចនេះហើយបានធ្វើឱ្យអ្នកនាងឈានដល់ដំណាក់កាលធ្ងន់ធ្ងរដល់ថ្នាក់វះកាត់បែបនេះ ។

 

ម្ចាស់គណហ្វេសប៊ុកឈ្មោះ Leng Sreypov បានបន្ថែមទៀតថា មកដល់ដំណាក់កាលវះកាត់ មុនវះកាត់មួយខែ ខ្ញុំចាប់ផ្ដើមរាគរាល់ថ្ងៃ ចុកពេញពោះ ប៉ុន្តែមិនឈឺខ្លាំងទេបែបទ្រាំបាន លក្ខណៈឈឺបាត់ៗ ចាប់ផ្តើមអត់ឃ្លានអាហារគ្រប់មុខ បាយក៏លេបមិនចូល ចេះតែចង់ក្អួត ក្ដៅខ្លួនរាល់យប់កម្ដៅចន្លោះ ៣៧- ៣៨អង្សារ ពិបាកគេង។ មួយអាទិត្យមុនវះកាត់ ខ្ញុំចាប់ផ្ដើមស្អុយខ្លិនអាហារគ្រប់មុខ ជាពិសេសប្រភេទ អាហារមានជាតិខ្លាញ់ ក្អួតរាល់ព្រឹក ងងុយគេងមិនចង់ក្រោក បាយទឹកលេបមិនចូល ឈឺពោះផ្នែកខាងស្ដាំខ្លាំង ដល់ថ្នាក់ពិបាកដកដង្ហើម ស្បែកស្លេកស្លាំងពណ៍ឡើងលឿង ស្រកគីឡូខុសធម្មតា ឈឺប៉ុណ្ណឹងហើយនៅទ្រាំទៀតអត់ព្រមទៅពេទ្យ មុនវះកាត់២ថ្ងៃឈឺខ្លាំងក្ដៅខ្លួនខ្លាំងគេងមិនបាន ចុកពោះដល់ថ្នាក់ដើរលែងរួចបានព្រមទៅពេទ្យ គ្រប់យ៉ាងវាសឹងតែហួសពេលទៅហើយ ពេលនោះលោកគ្រូពេទ្យនិយាយថាបើសិននៅតែបន្តិចទៀតខ្ញុំព្យាបាលលែងទាន់ហើយ ប៉ុន្តែថាបុណ្យនៅមានទើបយើងមានសំណាងបានមកព្យាបាលទាន់ពេលវេលា ។

អ្នកនាង Leng Sreypov គូសបញ្ជាក់ថា ទាំងអស់នេះជាបទពិសោធន៍របស់អ្នកនាងផ្ទាល់ ដែលបានធ្វើឱ្យនាងស្ដាយក្រោយបំផុត ព្រោះតែការថ្វីប្រហែស ទើបធ្វើឱ្យនាងត្រូវបាត់បង់លុយកាក់ បាត់បង់ឱកាសការងារ ខាតទាំងពេលវេលា ដើម្បីមកថ្មមខ្លួនក្រោយវះ មិនអាចធ្វើការធ្ងន់ៗបាន ត្រូវព្យាបាល តាមរហូតព្រោះខ្លាចលាប់ជម្ងឺឡើងវិញ។

ជាចុងបញ្ចប់អ្នកនាង Leng Sreypov បានអំពាវនាវ និងសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់ ប្រសិនបើឈឺល្មមៗកុំប្រើថ្នាំ ផ្ដេសផ្ដាស គួរតែទៅពិគ្រោះជម្ងឺជាមួយគ្រូពេទ្យសិនចាំប្រើថ្នាំឬព្យាបាលតាមជាក់ស្ដែក កុំឱ្យខាតពេលវេលា នឹងលុយកាក់ច្រើនដូចអ្នកនាង៕

ប្រភព៖ ហ្វេសបុក Leng Sreypov