សាលាដំបូងខេត្តតាកែវសម្រេចឃុំខ្លួនលោកវរសេនីយ៍ទោ សុខ សង្ហា ពីបទ “ស៊ីសំណូក និងរំលោភអំណាច“
តុលាការខេត្តតាកែវ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ សម្រេចឃុំខ្លួនលោកវរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ពីបទ “ស៊ីសំណូក និងរំលោភអំណាច“។
អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូន ដល់សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សាលាដំបូងខេត្តតាកែវ បានទទួលចាត់ការលើសុំណុំរឿង ព្រហ្មទណ្ឌលេខ០៧៩ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដែលមានជនត្រូវចោទប្រកាន់ចំនួន២នាក់ ដែលទី១មានឈ្មោះ សុខ សង្ហា ភេទប្រុស អាយុ ៣៨ឆ្នាំ ជានាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវបានចោទប្រកាន់ពីបទ ស៊ីសំណូក និងរំលោភអំណាច ដែលប្រព្រឹត្តនៅខេត្តតាកែវ កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ឆ្នាំ ២០២៤ ។
ជនត្រូវបានចោទប្រកាន់ ទី២ឈ្មោះ សុខ គា ហៅសេង សុខគា ភេទប្រុសអាយុ ៣៦ឆ្នាំ ដែលបច្ចុប្បន្នកំពុងជាប់ឃុំខ្លួននៅខេត្តកណ្ដាល ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ ដែលប្រព្រឹត្តនៅ ខេត្តតាកែវ កាលពីអំឡុងពេល ឆ្នាំ២០២៣ រហូតដល់ឆ្នាំ ២០២៤ ផងដែរ។
បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាដែលមានក្នុងសុំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តតាកែវបានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នទៅលើជនត្រូវចោទឈ្មោះ សុខ សង្ហា នៅពន្ធធនាគារខេត្តតាកែវ ដើម្បីបន្តកិច្ចស៊ើបសួរតាមនិតិវិធីច្បាប់៕