សាលារៀន ៣៩ កន្លែងនៅទីក្រុងបាងកក ត្រូវបិទ ខណៈពេលដែលខ្យល់ពុល PM 2.5 កំពុងឡើងខ្ពស់
កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ ការិយាល័យផ្នែកការអប់រំក្នុងប្រទេសថៃ មានការប្រកាសពីការបិទសាលារៀនចំនួន ៣៩ កន្លែងនៅក្នុងទីក្រុងបាងកក ព្រោះតែកម្រិតខ្យល់ពុល PM 2.5 បានឡើងខ្ពស់ខ្លាំងពេក។
សូមជម្រាបថា មួយរយៈពេលក្រោយនេះខ្យល់ពុល PM 2.5 ហាក់ដូចជាកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសថៃ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងទៅសុខុមាលភាពរបស់ប្រជាជន ជាពិសេសគឺក្មេងតូចៗ។
ដូច្នេះហើយ ទើបខាងការិយាល័យអប់រំ បានចេញគោលការណ៍ណែនាំ ក៏ដូចជាផ្តល់សិទ្ធិឱ្យនាយកសាលាមួយចំនួននៅក្នុងក្រុងបាងកក ធ្វើការបិទសាលារៀនជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ការប៉ះពាល់ដល់សុខភាពរបស់សិស្ស។ យ៉ាងណាមិញ សិស្សទាំងអស់នឹងត្រូវបន្តសិក្សាតាមអនឡាញជាបណ្តោះអាសន្នសិន រងចាំការចុះថយនៃខ្យល់ពុល PM 2.5 ក្នុងទីក្រុងសិន ទើបអាចមានការត្រឡប់មកសាលារៀនវិញ៕