ករណីបុរសម្នាក់បង្ហោះវីដេអូ ចោទសមត្ថកិច្ចបានលួច Memory ក្នុងរថយន្ត ពេលនេះត្រូវស្នងការចេញមកបំភ្លឺហើយ
នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណីបុរសម្នាក់ដែលប្រើប្រាស់រថយន្ត Lexus 350 ពាក់ផ្លាកលេខមិនប្រក្រតីបានទទួលស្គាល់កំហុស និងបានបង្ហោះព័ត៌មានចោទប្រកាន់លើសមត្ថកិច្ចចរាចរណ៍ថា លួច Memory ក្នុងរថយន្តរបស់ខ្លួន។
ទាក់ទិនទៅនឹងរឿងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា បុរសដែលបង្ហោះព័ត៌មានតាមបណ្តាញសង្គមចោទប្រកាន់ទៅលើសមត្ថកិច្ចចរាចរណ៍ឈរគោលដៅថាបានលួច Memory របស់ខ្លួននៅក្នុងរថយន្ត គឺជាអ្នកបើករថយន្ត Lexus 350 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BT-9357 ប្រើប្រាស់ផ្លាកលេខមិនប្រក្រតី ត្រូវបានសមត្ថកិច្ចផាកពិន័យតាមច្បាប់ ១ លាន ២០ ម៉ឺនរៀល កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ នៅគោលដៅស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជុំវិញការចោទប្រកាន់នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោកស្នងការរងទទួលផែនការងារចរាចរណ៍ និងលោកនាយការិយាល័យអញ្ជើញមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅខាងលើទាំង ៣ នាក់ មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក យកមកសួរនាំបំភ្លឺដើម្បីធ្វើរបាយការណ៍រាយការណ៍ជូនឯកឧត្តមពិនិត្យសម្រេច។ ដោយឡែក បុរសម្ចាស់រថយន្ត Lexus 350 ក៏ត្រូវសមត្ថកិច្ចគ្រោងនឹងអញ្ជើញមកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការចោទប្រកាន់មកលើសមត្ថកិច្ចចរាចរណ៍បានលួច Memory ក្នុងរថយន្តខ្លួនដើម្បីមកបំភ្លឺ។
តាមប្រភពស្នងការបានឱ្យដឹងថា បុរសម្ចាស់រថយន្ត Lexus 350 ខាងលើគឺក្រុមការងារបានទទួលការរាយការណ៍ពីតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញឱ្យដឹងថា បុរសនេះធ្លាប់បានបង្កបញ្ហាគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់មកហើយ ដូចជានៅខណ្ឌដង្កោ ០១ លើក បើកបររថយន្តនិយាយទូរស័ព្ទ សមត្ថកិច្ចឃាត់អប់រំនៅពេលនោះបានថតបង្ហោះសមត្ថកិច្ច និង បបួលសមត្ថកិច្ចអុជធូបស្បថ ខណ្ឌពោធិ៍សែនជ័យ ០១ លើក ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពថតបង្ហោះជេរប្រមាថសមត្ថកិច្ច និង ខណ្ឌច្បារអំពៅ ០១ លើក ជិះម៉ូតូមិនពាក់មួកល្មើសផ្លាកសញ្ញាចរាចរណ៍ ហើយបានថតបង្ហោះសមត្ថកិច្ចអនុវត្តច្បាប់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ចំពោះការឃាត់ និងផាកពិន័យតាមផ្លូវច្បាប់ប្រើប្រាស់រថយន្តផ្លាកលេខមិនប្រក្រតីនៅគោលដៅស្ពានអាកាសចោមចៅ គឺសមត្ថកិច្ចអនុវត្តតាមគោលការណ៍ថ្នាក់លើ ខណៈបុរសនេះបើកបររថយន្តល្មើសច្បាប់ចរាចរណ៍ប្រើប្រាស់ទូរស័ព្ទដៃនៅពេលបើកបរ ដោយនៅពេលនោះក៏បានធ្វើសកម្មភាព ប្រើពាក្យសម្តី និងអាកប្បកិរិយាមិនសមរម្យមកលើសមត្ថកិច្ចអនុវត្តច្បាប់ផងដែរ។