យន្តហោះ Jeju Air មួយគ្រឿងទៀតបានជួបបញ្ហារហូតត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ មួយថ្ងៃក្រោយការគ្រោះថ្នាក់នៃយន្តហោះរបស់ក្រុមហ៊ុននេះ
យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុន Jeju Air ជួបបញ្ហានិងត្រូវចុះចតជាបន្ទាន់ នៅថ្ងៃ ៣០ ខែធ្នូ ឆ្នាំ ២០២៤។ មូលហេតុនេះកើតឡើង មួយថ្ងៃក្រោយការគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលយន្តហោះរបស់ក្រុមហ៊ុនមួយនេះបានបុករបងព្រលានយន្តហោះដែលបណ្តាលអោយមានមនុស្ស ១៧៩ នាក់ស្លាប់។
យន្តហោះ Jeju Air ជើងហោះហើរលេខ 7C101 ដែលដឹកអ្នកដំណើរ ១៦១ នាក់ បានហោះចេញពីព្រលានយន្តហោះ Gimpo នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅវេលាម៉ោង ៦ និង ៣៧ នាទីព្រឹក (ក្នុងប្រទេសកូរ៉េ) ត្រង់ផ្លូវទៅកាន់កោះជេជូ ដោយភ្លាមៗក្រោយចាប់ផ្តើមហោះហើរ អ្នកបើកយន្តហោះបានរកឃើញថា ឧបករណ៍ចុះចតកើតមានបញ្ហា ហើយក៏បានដាក់ស្នើសុំធ្វើការចុះចតវិញភ្លាមៗ។
យន្តហោះខាងលើបានធ្វើការបកក្បាលត្រឡប់ទៅកាន់ព្រលាន Gimpo វិញភ្លាម ហើយចុះចតដោយសុវត្ថិភាពនៅវេលាម៉ោង ៧ និង ២៥ នាទីព្រឹក និងបានអោយអ្នកដំណើរទាំងអស់ប្តូរ ជិះយន្តហោះមួយផ្សេងទៀតបន្តដំណើរការទៅកោះជេជូដោយសុវត្ថិភាព។
រំលឹកផងដែរថា កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ មានហេតុការណ៍មួយដែលយន្តហោះ Boeing 737-800 របស់ Jeju Air បានបុកនឹងសត្វស្លាប បណ្តាលឱ្យមានបញ្ហាជាមួយឧបករណ៍ចុះចត ដោយសារតែបញ្ហានេះ អ្នកបើកយន្តហោះមិនអាចបន្ថយល្បឿនបាននៅពេលចុះចត ដូច្នេះទើបបានឈានទៅដល់បុកជញ្ជាំងនៅព្រលាន ហើយបណ្តាលឱ្យមានករណីស្លាប់បាត់បង់ជីវិតមនុស្សចំនួន ១៧៩ នាក់។
ប្រភព៖ hindustantimes