
កងកម្លាំងកម្ពុជា-ថៃ នៅតែប្តេជ្ញារួមគ្នារក្សាការពារព្រំដែន ឲ្យមានសុខសុវត្តិភាព តាមរយៈការណាត់ជួបដោះស្រាយបញ្ហា ដែលកើតមានឡើង នៅតាមគោលដៅឈរជើង

ព្រះវិហារ៖ កងកម្លាំងប្រដាប់អាវុធកម្ពុជា និងថៃ បានប្តេជ្ញារួមគ្នារក្សាការពារព្រំដែនឲ្យមានសុខសុវត្តិភាព តាមរយៈការណាត់ជួបដោះស្រាយបញ្ហាដែលកើតមានឡើង នៅតាមគោលដៅ និងចំណុចឈរជើង តាមបណ្តោយព្រំដែនប្រទេសទាំងពីរ។
ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបរវាង កងពលធំអន្តរាគមន៍លេខ៣កងទ័ពជើងគោ ដឹកនាំដោយឧត្តមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ និងកងកម្លាំងសុរៈណារីថៃ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅស្រង់ទឹកព្រះ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិសារអាហារសាមគ្គីរួមគ្នា និងរាំលេងកម្សាន្តប្រកបដោយបរិយាកាសយ៉ាងសប្បាយរីករាយក្រោមម្លប់ស្រុកមានសុខសន្តិភាព។
ពិធីនេះក៏មានចូលរួមពីសំណាក់ក្រុមគ្រួសារកងទ័ព និងថ្នាក់ដឹកនាំអាជ្ញាធរដែនដីស្រុកជាប់ព្រំដែនកម្ពុជា និងថៃ ស្ថិតនៅត្រង់ចំណុចរោងណាត់ជួប ដើមធ្នង់ ជួរមុខភូមិសាស្ត្រភ្នំតាថាវ ក្នុងទិសទី១ប្រាសាទព្រះវិហារ។
ជាមួយគ្នានេះ លោកមេបញ្ជាការរង កងកម្លាំងសុរៈណារីថៃ និងលោកមេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ សង្ឃឹមថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំក្រោយ កម្ពុជា.ថៃ និងរៀបចំពិធីរួមគ្នាជាបន្តបន្ទាប់ទៀត៕

