Cambodia Trending Close

ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាភពផែនដី ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព»

ដោយ៖ គុជ ឥន្ទាវុធ ​​ | 10 ម៉ោងមុន សង្គម
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាភពផែនដី ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព» ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាភពផែនដី ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព»

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដឹកនាំពិធីអបអរសាទរទិវាភពផែនដី ឆ្នាំ២០២៥ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ក្រោមប្រធានបទ «ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព»។

ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត។

ក្នុងសុន្ទរកថាសម្ពោធកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះការចូលរួមរបស់ភ្ញៀវកិត្តិយសគ្រប់រូបក្នុងពិធីនេះ។ ឯកឧត្តមបានលើកឡើងថា ក្នុងឆ្នាំ២០២៥នេះ ក្រសួងបានសម្រេចជ្រើសយកអនុវិស័យជលផល ជាអាទិភាពនៃការចងក្រងប្រធានបទ ដោយសារតែជលផលជាប្រភពមួយនៃអាហារូបត្ថម្ភ និងប្រូតេអ៊ីនសំខាន់សម្រាប់ប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញភារកិច្ចដោយរដ្ឋបាលជលផល ក្នុងការជំរុញអនុវត្តន៍ច្បាប់ ការរួមសហការជាមួយដៃគូអភិវឌ្ឍន៍ និងការអភិរក្សធនធានជលផលទឹកសាបនិងសមុទ្រ ដែលទទួលបានជោគជ័យជាច្រើន។

ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យបន្តការសហការរវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជះឥទ្ធិពលលើការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព និងនិរន្តរភាព។

នៅពេលបញ្ចប់សុន្ទរកថា ឯកឧត្តមបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ជាចម្បង រួមមានសហភាពអឺរ៉ុប អង្គការ FAO អង្គការ UNIDO ទីភ្នាក់ងារ AFD និងអង្គការ GIZ ដែលបានចូលរួមគាំទ្រកិច្ចការនានាដែលនាំឲ្យមានភាពជោគជ័យលើការអភិវឌ្ឍវិស័យនេះ។ ឯកឧត្តមបានជូនពរឱ្យអង្គពិធីទាំងមូលទទួលបានសុខសុភមង្គលក្នុងមូលដ្ឋាននៃសន្តិភាពនិងស្ថិរភាពជានិរន្តរ៕

អត្ថបទទាក់ទង