
ភ្នំភ្លើង Kilauea ផ្ទុះឡើងជាលើកទី ២៣ ជាមួយនឹងកម្រិតកំអែឡើងដល់ជាង ៣០០ ម៉ែត្រ
នៅរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ ភ្នំភ្លើង Kilauea ដែលស្ថិតនៅលើកោះហាវ៉ៃ បានផ្ទុះឡើងជាលើកទី ២៣ ដោយមានកម្លាំងខ្លាំងជាប់គ្នា បញ្ចេញកំអែភ្លើងក្រហមកម្ពស់ជាង ៣០០ ម៉ែត្រ ឡើងទៅលើអាកាស។
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា ភ្នំភ្លើងនេះបានចាប់ផ្ដើមផ្ទុះនៅម៉ោង ៤ និង ១៥ នាទីរសៀល ក្នុងកម្លាំងដ៏ខ្លាំងក្លាជះទាំងកំអែ និង ផ្សែងយ៉ាងខ្មួលខ្មាញ់ទៅលើអាកាស។ បើតាមភ្នាក់ងារសង្កេតភ្នំភ្លើងនៅកោះហាវ៉ៃបានឱ្យដឹងថា សកម្មភាពភ្នំភ្លើងផ្ទុះកត់ត្រាឃើញដំបូងនៅទីតាំងមាត់ភ្នំភ្លើងនៅភាគខាងជើង ដោយកម្លាំងផ្ទុះបានកើនឡើងយ៉ាងរហ័ស និង ឈានដល់ចំណុចកំពូលនៅវេលាម៉ោងប្រមាណជា ៤ និង ៥០ នាទី។ មាត់ភ្នំភ្លើងនៅភាគខាងត្បូងក៏បានចាប់ផ្ដើមផ្ទុះដែរនៅប្រមាណជា ២៥ នាទីក្រោយមក ជាមួយនឹងការហូរកំអែក្នុងកម្លាំងទាប។
រហូតដល់ម៉ោង ៥ និង ២០ នាទីល្ងាច កំអែភ្នំភ្លើងនៅមាត់ភ្នំភាគខាងជើងក៏បានផ្ទុះជះឡើងទៅលើអាកាសក្នុងកម្ពស់រហូតដល់ជាង ៣០០ ម៉ែត្រ ដែលកម្ពស់នេះគឺប្រហាក់ប្រហែលទៅនឹងកម្ពស់នៃប៉មតួអេហ្វែលនៅប្រទេសបារាំង ខណៈកំអែនៅមាត់ភ្នំភ្លើងខាងត្បូងជះបាចសាចឡើងលើក្នុងកម្ពស់ជិត ៧០ ម៉ែត្រ។
តាមរយៈទិដ្ឋភាពដែលថតបានពីកាមេរ៉ារបស់ទីភ្នាក់ងារ USGS បានបង្ហាញឱ្យឃើញដែរថា បន្ទុះភ្នំភ្លើងបានថមថយទៅវិញបន្តិចម្ដងៗក្រោយថ្ងៃលិចទៅ។ ដល់ត្រឹមម៉ោង ១០ យប់ ភ្នំភ្លើងខាងជើងក៏បានថយវិញអស់ទាំងស្រុង ខណៈភ្នំភ្លើងនៅខាងត្បូងបញ្ឈប់លែងផ្ទុះនៅម៉ោង ១០ និង ២៥ នាទីយប់។ បើទោះជាភ្នំភ្លើងលែងផ្ទុះហើយមែន ប៉ុន្តែភ្លើងនៅតែមើលឃើញពីខាងក្នុងមាត់ភ្នំ ខណៈកំអែនៅបន្តហូរចេញពីមាត់ភ្នំ Halemaʻumaʻu។
គួរឱ្យដឹងថា ភ្នំភ្លើង Kilauea បានចាប់ផ្ដើមផ្ទុះឡើងកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ដោយបន្ទុះភាគច្រើនកើតឡើងមិនដល់ពេលមួយថ្ងៃទេ និង ឈប់ទៅវិញក្នុងរយៈពេលប៉ុន្មានថ្ងៃ។ ការផ្ទុះឡើងក្នុងពេលថ្មីៗបំផុតគឺចាប់ផ្ដើមនៅព្រឹកថ្ងៃ ១៦ ខែឧសភា កន្លងទៅ ដោយបញ្ចប់ទៅវិញប្រមាណជា ១០ ម៉ោងក្រោយ៕

