
ដំណឹងដ៏អកុសល! ឆលី មិនអាចបន្តការព្យាបាលបានទៀតទេ ដោយគ្រាន់តែប្រើថ្នាំ ដើម្បីរក្សាពេលវេលារស់នៅជាមួយគ្រួសារ និង បងប្អូនបានមួយរយៈពេល

(ភ្នំពេញ)៖ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ គ្រួសាររបស់កុមារា ឆលី បានបញ្ជូនឱ្យឆលីទៅទទួលការព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃជាថ្មីម្តងទៀត បន្ទាប់ពីដុំសាច់ខួរក្បាលដែលធ្លាប់បានវះកាត់ ដុះឡើងវិញក្រោយវះកាត់ជោគជ័យរយៈពេល ២ខែកន្លះ ។
ឪពុកម្តាយរបស់ឆលី បានបញ្ជាក់កាលពីព្រឹកថ្ងៃទី ១៧ មិថុនា ឆលីបានដល់មន្ទីរពេទ្យដែលធ្លាប់ព្យាបាលកាលមុន និងកំពុងទទួលការថែទាំយ៉ាងម៉្មត់ចត់ពីគ្រូពេទ្យជំនាញ។ ទោះជាយ៉ាងណា នៅពេលរសៀលនៃថ្ងៃដដែលនោះផងដែរ ដំណឹងសោកសៅមួយបានផ្សាយចេញតាមផេកផ្លូវការរបស់ឆលី ដែលគ្រប់គ្រងដោយឪពុករបស់ឆលីថា៖
«ដំណឹងដ៏អកុសលមួយ បានចេញមកពីមាត់វេជ្ជបណ្ឌិតផ្ទាល់របស់ឆលី ថា ឆលី មិនអាចបន្តការព្យាបាលបានទៀតទេ គ្រាន់តែប្រើថ្នាំ ដើម្បីរក្សាពេលវេលារស់នៅជាមួយគ្រួសារ និង បងប្អូនជនរួមជាតិខ្មែរបានមួយរយៈពេល»៕
