
អភិបាលខេត្តកណ្ដាលជំរុញពន្លឿនស្ដារប្រព័ន្ធលូ ដើម្បីបញ្ចៀសការជន់លិចក្នុងក្រុងតាខ្មៅ
ខេត្តកណ្ដាល៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ ពន្លឿនការស្ដារប្រព័ន្ធលូ ដើម្បីសម្រួលលំហូរទឹក និងបញ្ចៀសការជន់លិចពេលមានភ្លៀងធ្លាក់ច្រើន។
ការជំរុញនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកអភិបាល ចុះពិនិត្យការស្ដារប្រព័ន្ធលូសងខាងផ្លូវជាតិលេខ២ ចាប់ពីមាត់ស្ទឹងព្រែកត្នោត ដល់រង្វង់មូលព្រះនរាយណ៍ ដែលមានប្រវែងជាង ៩០០ ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋាន បានឲ្យដឹងថា នៅពេលមានភ្លៀងធ្លាក់ខ្លាំង អាជ្ញាធរតែងតែចុះពិនិត្យប្រព័ន្ធលូ ដោយសារខ្លាចមានកាកសំណល់បង្ករឧបសគ្គលំហូរទឹក។ ការស្ទះកាកសំណល់ទៅក្នុងមាត់លូនេះ ជាហេតុធ្វើឲ្យទឹកហូរយឺត និងបណ្តាលឲ្យមានជន់លិច ប៉ះពាល់ដល់ដំណើរការប្រចាំថ្ងៃ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។
គ្រឿងចក្រ និងក្រុមការងារបច្ចេកទេសត្រូវបានអញ្ជើញចូលរួមស្ដារប្រព័ន្ធលូជាបន្ទាន់ ដោយសារប្រព័ន្ធដែលមានស្រាប់ស្ទះ មិនអាចផ្លុំទឹកចេញបានតាមធម្មតា។ គោលបំណងនៃការស្ដារនេះ គឺដើម្បីជួយសម្រួលលំហូរទឹក បន្ថយការជន់លិច និងការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់៕
