
បុរស២នាក់រងរបួសធ្ងន់ ដោយសារការកាត់ច្នៃគ្រាប់សេកាសេឡង់នៅ ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ បុរស២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីព្យាយាមយកគ្រាប់សេកាសេឡង់មកកាត់ច្នៃធ្វើជាស៊ីម៉ាំងកាណូត បណ្តាលឲ្យមានការផ្ទុះកើតឡើងនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចរាំងត្បាល់ ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទីមួយមានឈ្មោះ ផាន សុភ័ក្ត្រ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងតំបន់កើតហេតុខាងលើ។ បុរសរូបនេះបានយកគ្រាប់សេកាសេឡង់មួយគ្រាប់ ដែលសេសសល់ពីសម័យសង្គ្រាម មកផ្តល់ឲ្យបុរសឈ្មោះ យ៉ា រ៉ានី ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មានមុខរបរជាជាងជួសជុលម៉ាស៊ីន ដើម្បីកាត់ច្នៃបម្រុងធ្វើជាស៊ីម៉ាំងកាណូត។
ប៉ុន្តែពេលដែលបុរសទាំងពីរកំពុងដំណើរការកាត់ច្នៃនោះ គ្រាប់បានផ្ទុះឡើងភ្លាមៗ បណ្ដាលឲ្យទាំងពីររងរបួសធ្ងន់ភ្លាម។
ក្រោយហេតុការណ៍កើតឡើង អ្នករងរបួសទាំងពីរត្រូវបានដឹកទៅសង្រ្គោះព្យាបាលបឋមនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយមានការសហការពីសមត្ថកិច្ច និងសាច់ញាតិនៃគ្រួសារ។
សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត និងប្រុងប្រយ័ត្នចំពោះគ្រាប់ផ្ទុះដែលនៅសេសសល់ក្នុងតំបន់ ដើម្បីជៀសវាងហេតុការណ៍ស្លាប់ឬរងរបួសបន្ថែម៕
