កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការស៊ើបអង្កេតករណីឃាតកម្ម និងបទល្មើសគ្រឿងញៀននៅរាជធានី ខេត្ដចំនួន៤ ឈានដល់ការឃាត់ខ្លួននាយទាហានចំនួន៣រូប
ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការស្រាវជ្រាវ ស៊ើបអង្កេតករណីឃាតកម្ម និងបទល្មើសគ្រឿងញៀន ដែលបានប្រព្រឹត្ត នៅខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តតាកែវ, ព្រមទាំងឈានដល់ការ ឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប ដោយ២រូបបញ្ជូនទៅអង្គភាព ប្រឆាំងអំពើពុករលួយ និង១រូបទៀត បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីអនុវត្តវិន័យទណ្ឌកម្មតាមបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។ តាមការប្រកាសនេះបានឱ្យដឹងថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តា និងកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការស៊ើបអង្កេតករណីឃាតកម្ម នៅ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក៏បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៤នាក់ ពាក់ព័ន្ធ នឹងការធ្វើទារុណកម្ម អំពើឃោរឃៅរហូតដល់ស្លាប់ និងពាក់ព័ន្ធនឹងអំពើចែកចាយ ជួញដូរ គ្រឿងញៀនដោយខុសច្បាប់។
មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកណ្តាល បាន ចាប់យកវត្ថុតាងគ្រឿងញៀនចំនួនប្រមាណ៧គីឡូក្រាម, អាវុធវែងកែច្នៃចំនួន១ដើម, អាវុធខ្លី ចំនួន១ដើម, កាំភ្លើងបាញ់សត្វចំនួន១ដើម, សម្ភារៈពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួន និងជន សង្ស័យទាំង៤នាក់ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល។ ដោយផ្អែកលើការស្រាវជ្រាវ និងស្តាប់ចម្លើយជនសង្ស័យ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ បានសុំគោលការណ៍ដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តអនុវត្តនីតិវិធី ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ធ្វើការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប។
តាមចម្លើយ សារភាពរបស់ជនសង្ស័យ និងផ្អែកតាមឯកសារភស្តុតាង មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជ អាវុធហត្ថខេត្តកណ្តាល នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យឈ្មោះ ង៉ែត ចាន់ធី និងឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត) ទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ចំពោះឈ្មោះ លុយ សារ៉ុម ហៅ លុយ សារុំ មិនមានពាក់ ព័ន្ធនឹងបទល្មើសស៊ីសំណូក ប៉ុន្តែបុគ្គលនេះគ្មានការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច បាន បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម៕